ខេត្តកណ្តាល៖ ក្មេងប្រុសវ័យ១៧ឆ្នាំម្នាក់បានសម្រេចចិត្តចង.កបញ្ចប់ជីវិតនៅលើដើមស្វាយខាងក្រោយផ្ទះ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈលោកតាអាចារ្យប្រកាសតាមមេក្រូថា សង្សាររបស់ខ្លួនបានស្លាប់ដោយសារចង.កធ្វើអត្តឃាត កាលពីវេលាយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ។
សាកសពក្មេងប្រុសរងគ្រោះត្រូវបានស្ត្រីជាម្តាយដើរបេះបន្លែប្រទះឃើញចង.ក ស្លាប់នៅលើដើមស្វាយក្នុងចម្ការខាងក្រោយផ្ទះប្រមាណ១០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែលអំបិលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ សុខា សុលីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី១០F នៃវិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល មានឪពុកឈ្មោះ មាន សុខា អាយុ៤៨ឆ្នាំ មុខរបរ ជាជាងជួសជុលនាឡិកា ម្តាយឈ្មោះ ដុង ទូច អាយុ៤៦ឆ្នាំ មុខរបរ ជាកសិករ មានកូន៤-ស្រី២នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំព្រែកអំបិល ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា ក្មេងស្រីដែលត្រូវបានប្រជាពលរដ្ឋអះអាងថា ជាសង្សាក្មេងប្រុសរងគ្រោះខាងលើនេះមានឈ្មោះ ហាន គីមឆេង អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី១០F នៃវិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល មានឪពុកឈ្មោះ យឿន ហាន អាយុ៤៦ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ សុខ ស្រី អាយុ៤៥ឆ្នាំ មុខរបរ ជាកសិករ មានកូន២នាក់ស្រី១នាក់ ក្មេងស្រីរងគ្រោះជាកូនពៅ បច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំព្រែកអំបិល ស្រុកស្អាង ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិលបានបញ្ជាក់ថា ក្មេងស្រីខាងលើនេះត្រូវបានក្រុមគ្រួសារប្រទះឃើញចង.ក ស្លាប់នៅក្បែរកាំជណ្តើផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ។ ក្រោយមកក្រុមគ្រួសារក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន បន្ទាប់ពីពិនិត្យសាកសពមិនមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេងសមត្ថកិច្ចក៏បានប្រគល់សាកសពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ លុះដល់វេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ លោកតាអាចារ្យបានប្រកាស់តាមរយៈមេក្រូ ពីដំណឹងមរណភាពរបស់ក្មេងស្រីរងគ្រោះ ។
ដំណឹងនេះបានដឹងដល់ក្មេងប្រុសរងគ្រោះដែលរៀនថ្នាក់ និង មានលំនៅដ្ឋានក្នុងភូមិជាមួយគ្នា ក្មេងប្រុសរងគ្រោះឈ្មោះ សុខា សុលីម បានស្រែកយំនៅលើផ្ទះមិត្តភ័ក្របង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ រំពេចនោះមិត្តភ័ក្រក្មេងប្រុសរងគ្រោះឈ្មោះ សុវណ្ណ បានព្យាយាមសួរនាំក្មេងប្រុសរងគ្រោះដែរ តែសួរនាំមិនចេញសោះ ពោលគឺក្មេងប្រុសរងគ្រោះបានត្រឹមតែប្រាប់មិត្តភ័ក្រថា “ឲ្យអញគិតម៉េចទៅៗៗៗ..?” ។ ក្រោយពីនិយាយចប់ក្មេងប្រុសរងគ្រោះបានដើរចុះពីលើផ្ទះមិត្តភ័ក្រឈ្មោះ សុវណ្ណ ដោយប្រាប់ថា ចុះទៅងូតទឹក ។ លុះបានរយៈពែលប្រមាណមួយម៉ោងក្រោយមកទើបស្ត្រីជាម្តាយប្រទះឃើញក្មេងប្រុសរងគ្រោះចង.ក ស្លាប់នៅលើដើមស្វាយខាងក្រោយផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
មជ្ឈដ្ឋានប្រជាពលរដ្ឋនិយាយតៗៗគ្នាថា ក្មេងប្រុសឈ្មោះ សុខា សុលីម និងក្មេងស្រីឈ្មោះ ហាន គីមឆេង ធ្លាប់មានទំនាក់ទំនងស្នេហាគ្នា ទើបបានជាក្មេងប្រុសឈ្មោះ សុខា សុលីម ចង.កធ្វើអត្តឃាត គ្រាដែលទទួលបានព័ត៌មានតាមរយៈលោកតាអាចារ្យប្រកាស់តាមមេក្រូថាសង្សារបស់ខ្លួនបានស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួន ។ ពាក់ព័ន្ធការលើកឡើងថា ក្មេងប្រុស-ស្រីទាំង២នាក់ដែលចង.កធ្វើអត្តឃាតសម្លាប់ខ្លួននេះជាសង្សានិងគ្នា គ្មានប្រភពច្បាស់ការណាចេញមុខអះអាងនោះទេ ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកស្អាងបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទថា ក្រុមគ្រួសារមិនបានដឹងពីមូលហេតុដែលនាំឲ្យក្មេងស្រីរងគ្រោះឈ្មោះ ហាន គីមឆេង ធ្វើអត្តឃាតចង.កនោះទេ ហើយក៏មិនបានដឹងថា ក្មេងស្រីរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយក្មេងប្រុសរងគ្រោះឈ្មោះ សុខា សុលីម ដែរ ។ ដោយឡែកក្រុមគ្រួសារក្មេងប្រុសរងគ្រោះឈ្មោះ សុខា សុលីម ក៏មិនបានដឹងថា ក្មេងប្រុសរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយក្មេងស្រីរងគ្រោះឈ្មោះ ហាន គីមឆេង ដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា ទោះបីជាសមត្ថកិច្ចជំនាញខិតខំស្រាវជ្រាវ និងសាកសួរមិត្តភ័ក្រ គ្រូបន្ទុកថ្នាក់ ក្មេងរងគ្រោះទាំង២នាក់យ៉ាងណាក្តីក៏នៅតែមិនមានពន្លឺពាក់ព័ន្ធនិងស្នេហារវាងក្មេងទាំង២នាក់នេះដែរ ។ បច្ចុប្បន្នសាកសពក្មេងទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសាររៀងៗខ្លួន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ