វិភាគព័ត៌មានអន្តរជាតិ ៖ អ៊ីរ៉ង់បានដឹងជាមុនពីលទ្ធផល ទើបត្រៀមល្ខណៈទប់ទល់ជាមួយអាមេរិក ដោយបានទិញមីស៊ីលជាច្រើនពីចិននិងរុស្ស៊ី

ចែករំលែក៖

អ៊ីរ៉ង់បានត្រៀមខ្លួនទប់ទល់ជាមួយអាមេរិក តាំងពីពេលអ៊ីរ៉ង់ធ្វើបដិវត្តន៍ ទទួលបានជោគជ័យកាលពីឆ្នាំ​១០៧៩ ។ តាំងពីពេលនោះមក អ៊ីរ៉ង់បានខិតខំផលិតនិងទិញអាវុធការពារ ពីបណ្តាប្រទេសជុំវិញពិភពលោក  ក្នុងនោះមានចិននិងរុស្ស៊ី ។

ក្រោយពេលប្រឈមមុខតានតឹង ជាមួយអាមេរិក ​អាចនឹងផ្ទុះសង្គ្រាម គ្រប់ពេលវេលា  ពេលនេះអ៊ីរ៉ង់បាន​បង្ហាញអាវុធទើបៗជាច្រើន ឲ្យពិភពលោកបានដឹង ។ អ៊ីរ៉ង់ជាប្រទេសដែលមាន​អាវុធទំនើបៗបំផុតនៅក្នុងតំបន់ មជ្ឈិមបូព៌ា ។ មិនតែប៉ុណ្ណោះ កម្លាំងទាហានអ៊ីរ៉ង់ ក៏មានបទពិសោធ ក្នុងការធ្វើសង្គ្រាម​ ។ ក្រៅពីអាវុធផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង​ផ្ទល់​ នៅមានមីស៊ីល​ទិញពី រុស្ស៊ី និងចិន ។

មីស៊ីលដែលធ្វើឲ្យអាមេរិក បារម្ភបំផុតនោះគឺ​ ​មីស៊ីលប្រឆាំងនាវា ដ៏គ្រោះថ្នាក់បំផុត​ធ្វើឲ្យអាមេរិក​បារម្ភយ៉ាងខ្លាំង ។ កម្លាំងជើងទឹកអ៊ីរ៉ង់ ​ដែលបំពាក់មីស៊ីលប្រឆាំងនាវាចម្បាំងដ៏ទំនើប ប្រភេទ​  C-802 ផលិតដោយប្រទេសចិន​​ ត្រូវបានវាយតម្លៃថានាវាប្រឆាំងនាវា ដ៏គ្រោះថ្នាក់បំផុត​។ប្រភេទមីស៊ីលខាងលើត្រូវបានអង្គការណាតូ ឲ្យរហ័សនាមថា​ជាមីស៊ីល​ CSS-N-8 Saccade ។

តាំងពីដើមមកកម្លាំងទាហានអ៊ីរ៉ង់ត្រូវបានចាត់ទុក ថាមានកម្លាំងខ្លាំងបំផុតនៅតំបន់មជ្ឈឹមបូព៌ា។​ អ៊ីរ៉ង់មានអាវុធទំនើបៗ​ និងគ្រោះថ្នាក់ជាច្រើន​ ក្នុងនោះមានមីស៊ីល​ប្រឆាំងនាវាចម្បាំង​ C-802 ។

កាំជ្រួចមីស៊ីល C-802  មានល្បឿនលឿនជាងសំឡែង​ ហើយមានទម្ងន់​៧១៥គីឡូក្រាម​ ដោយបានបំពាក់ប្រព័ន្ធនាំផ្លូវ​ ដោយរ៉ាដា​។ មីស៊ីលខាងលើបំពាក់ក្បាលគ្រាប់មានកម្លាំងផ្ទុះ​១៦៥គីឡូក្រាម​។

ការបង្ហាញមីស៊ីលដ៏ទំនើប ខាងលើ កើតឡើងក្រោយពេលដែល ​អ៊ីរ៉ង់និងអាមេរិក ប្រឈមមុខតានតឹងនៅតំបន់មជ្ឈឹមបូព៌ា អាច ផ្ទុះសង្គ្រាមគ្រប់ពេលវេលា​។ កន្លងមកថ្មីៗអ៊ីរ៉ង​ក៏បានបញ្ជូនប្រព័ន្ធមីស៊ីលការពារទំនើបៗទៅកាន់ឆ្នេរសមុទ្រ ត្រៀមទប់ទល់អាមេរិកផងដែរ​។

ពាក់ព័ន្ធនិងស្ថានភាព ប្រឈមមុខតានតឹងដាក់គ្នា​ មេដឹកនាំអ៊ីរ៉ង់ បានប្រកាសថា បើទោះបីគ្រាប់បែកធ្លាក់ចំខ្លួន​ ក៏មិនចុះញ៉មអាមេរិកនោះដែរ​។

ដោយបង្កើនសង្គ្រាមពាក្យសម្តីរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន់ រ៉ូហានី (Hassan Rouhani )បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភាថា អ៊ីរ៉ង់នឹងមិនចុះញ៉មការគាបសង្កត់របស់សហរដ្ឋអាមេរិកទេ ហើយនឹងមិនលះបង់គោលដៅរបស់ខ្លួននោះទេ ទោះបីជាខ្លួនត្រូវបានទម្លាក់គ្រាប់បែកលើក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មានFars បានរាយការណ៍ថា កាលពីពេលមុននេះ មេបញ្ជាការកំពូលរបស់អ៊ីរ៉ង់បាននិយាយថាការប្រឈមមុខគ្នារវាង ក្រុងរដ្ឋាភិបាលក្រុងតេអេរ៉ង់និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គឺជា” ការប៉ះទង្គិចឆន្ទៈ ” ដោយព្រមានថា “ការផ្សងព្រេង” របស់សត្រូវណាមួយនឹងជួបការឆ្លើយតបដ៏ខ្លាំងក្លា។

ភាពតានតឹងកំពុងកើតឡើងរវាងប្រទេសទាំង២នេះ គឺបន្ទាប់ពីរដ្ឋាភិបាលវ៉ាស៊ីនតោនបានបញ្ជូនកងទ័ពន្ថែមទៀតទៅតំបន់មជ្ឈិមបូព៌ាក្នុងការបង្ហាញកម្លាំងប្រឆាំងនឹងអ្វីដែលក្រុមមន្ត្រីអាមេរិកនិយាយថាជាការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះកងទ័ពនិងផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នោះ។

បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់អ៊ីរ៉ង់ជាមួយក្រុមមហាអំណាចពិភពមកនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានចាប់ផ្តើមដាក់ទណ្ឌកម្មរបស់អាមេរិកឡើងវិញលើអ៊ីរ៉ង់កាលពីឆ្នាំមុន និងបានរឹតបន្តឹងការដាក់ទណ្ឌកម្មនៅខែនេះ ដោយបញ្ជាឱ្យប្រទេសទាំងអស់បញ្ឈប់ ការនាំចូលប្រេងរបស់អ៊ីរ៉ង់បើមិនដូច្នេះទេ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីអាមេរិកលើពួកគេ។

លោក ហាស្សាន់ រ៉ូហានី ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថា “ជាងមួយឆ្នាំបន្ទាប់ពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរទាំងនេះប្រជាជនរបស់យើងមិនបានឱនក្បាលទេ ទោះបីប្រឈមនឹងការលំបាកនៅក្នុងជីវិតរបស់ពួកគេក៏ដោយ ” ។

ដោយនិយាយនៅក្នុងពិធីរំលឹកសង្គ្រាមរវាងអ៊ីរ៉ង់-អ៊ីរ៉ាក់ឆ្នាំ១៩៨០-១៩៨៨ លោកហាស្សាន់ រ៉ូហានី បានបន្ថែមថា “យើងត្រូវការការតស៊ូ ដូច្នេះសត្រូវរបស់យើងដឹងថាប្រសិនបើពួកគេទម្លាក់គ្រាប់បែកលើទឹកដីរបស់យើង ហើយប្រសិនបើកូនៗរបស់យើងត្រូវបានសម្លាប់ រងរបួសឬត្រូវបានចាប់ខ្លួនជាអ្នកទោសនោះ យើងនឹងមិនបោះបង់គោលដៅរបស់យើងដើម្បីឯករាជ្យភាពនៃប្រទេសរបស់យើងនិងមោទនភាពរបស់យើងនោះទេ”។

លោក មូហាម៉ាត់ បាហ្គេរី (Mohammad Baqeri)នាយសេនាធិការនៃកងទ័ពអ៊ីរ៉ង់ក៏បាននិយាយរំលឹកដល់ជ័យជម្នះរបស់អ៊ីរ៉ង់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ាក់ផងដែរនិងបាននិយាយថាលទ្ធផលនេះ អាចជាសារមួយថាអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបដ៏ខ្លាំងក្លាចំពោះការផ្សងព្រេង” របស់សត្រូវណាក៏ដោយ “។

កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គមTwitter ថា ” បើសិនអ៊ីរ៉ង់ចង់ប្រយុទ្ធ នោះជាការបញ្ចប់អ៊ីរ៉ង់ ជាផ្លូវការ។ មិនអាចមានការគំរាមកំហែងចំពោះសហរដ្ឋអាមេរិកម្តងទៀតនោះទេ”៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print