(វិភាគ) ​៖ មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ​ រុស្សី-ចិនមានសមត្ថភាពខ្លាំងជាងអាមេរិក

ចែករំលែក៖

អាមេរិក ជាមហាអំណាចយោធាលើពិភពលោក ដោយអាមេរិក មានកម្លាំងទាហាន និងទីតាំងយោធានៅក្រៅប្រទេសជាច្រើន ក្នុងនោះ មានទីតាំងនៅកៀកប្រទេសរុស្ស៊ី គឺតំបន់អឺរ៉ុប ខាងកើត និងទីតាំងនៅកៀកប្រទេសចិន មានកូរ៉េខាងត្បូង និងជប៉ុន ។ ជាមួយគ្នានោះ អាមេរិកមានអាវុធទំនើបៗជាច្រើន ។ បើចិន និងរុស្ស៊ីតែម្នាក់ឯងនោះ ពិបាកយកឈ្នះអាមេរិក ប៉ុន្តែបើប្រទេសទាំងពីររួមគ្នានោះ នឹងមានប្រៀបអាមេរិក ក្នុងសង្គ្រាម ។

ប្រទេសមហាអំណាចយោធាពិភពលោក អាមេរិក ចិន​ និងរុស្ស៊ីជាដើម មានអាវុធមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ​ដែលអាច បំផ្លាញពិភពលោក ទាំងមូល​បាន ក្នុងរយៈពេល​តែ​៣០នាទីប៉ុណ្ណោះ ។​ បើមហាអំណាចយោធាទាំងបីផ្ទុះសង្គ្រាមបរមាណូនឹងគ្នានោះ ពិភពលោក​ទាំងមូលនិងត្រូវ វិនាស ។

ខាងក្រោមនេះគឺអាវុធដែល អាចបំផ្លាញពិភពលោក​ក្នុងរយៈពេល​៣០នាទី​៖

១- អាមេរិក៖ មីស៊ីល បំពាក់ក្បាលគ្រាប់ បរមាណូ UGM-133 Trident II (Trident D5) បាញ់បានចម្ងាយ ដល់ទៅ​១១.០០០ គីឡូម៉ែត្រ  ។ មីស៊ីលខាងលើ មានល្បឿនដល់ទៅ​ ២០.៨២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺមានល្បឿនលឿនជាង សំឡេង ដល់ទៅ​១៧ដង ។

រយៈចម្ងាយពីអាមេរិក ទៅកាន់ទីក្រុងមូស្កូរុស្ស៊ី មានប្រវែងតែ ៨៨៩៦គីឡូម៉ែត្រ ប៉ុណ្ណោះ  ហើយបើអាមេរិកវាយប្រហារទៅលើរុស្ស៊ីនោះ គឺប្រើប្រាស់រយតែជាង​១០នាទី ប៉ុណ្ណោះ​។ ចំណែករយៈចម្ងាយពីអាមេរិកទៅចិន វិញ គឺមានចម្ងាយដល់ទៅ ១១.៦៦០ គីឡូម៉ែត្រ ដូច្នេះ នៅគោលដៅជាច្រើនក្នុងប្រទេសចិន គឺមីស៊ីលអាមេរិកវាយប្រហារ មិនដល់ឡើយ​។

២ រុស្ស៊ី៖ មីស៊ីលបរមាណូ R-29RMU SINEVA(RSM-54)របស់រុស្ស៊ី បាញ់បានចម្ងាយដល់ទៅ​១១.៥០០គីឡូម៉ែត្រ  ក្នុងល្បឿន​២៧.៣៩៦គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺល្បឿនលឿនជាងសំឡេងដល់ទៅ​២២ដង​។ ដូច្នេះមីស៊ីល​រុស្ស៊ី អាចគ្រប់ដណ្តប់នៅបរិវេណ​ធំក្នុងទឹកដីអាមេរិក ។

រុស្ស៊ីនៅមានមីសីល​ R-36 M បាញ់បានចម្ងាយដល់ទៅ​១៦.០០០គីឡូម៉ែត្រ ក្នុងល្បឿន​២៨.៧២៨ គីឡូម៉ែត្រ ក្នុងមួយម៉ោង  ដោយបាញ់ប្រហារក្នុងល្បឿនជាសំឡេង ដល់ទៅ​៤,៩៥ដង។

៣ ចិន៖ មីស៊ីល  DongFeng 5A(DF-5A) បាញ់បានចម្ងាយ ដល់ទៅ​១៣.០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង  គឺមានល្បឿនលឿនជាងសំឡេង២២ដង ។ រយៈចម្ងាយ​ពីចិនទៅអាមេរិក គឺ ១១.៦៦០គីឡូម៉ែត្រ ដូច្នេះការវាយប្រហារទៅលើទឹកដីអាមេរិក ប្រើប្រាស់រយពេលជាង​២០នាទីប៉ុណ្ណោះ​។

ក្រៅពីនេះចិននៅមានមីស៊ីល ឆ្លងទ្វីប​(DF-41, CSS-X-10) បាញ់បានចម្ងាយដល់ទៅជាង ១៤.០០០ គីឡូម៉ែត្រ ក្នុងល្បឿន ដល់ទៅ​២៩.៤០០គីឡូម៉ែត្រ ក្នុងមួយម៉ោង លឿនជាងសែឡេង ដល់ទៅ​២៤ដង ។ មីស៊ីលខាងលើនេះមានសម្ថភាពខ្ពស់ជាងទាំងមីស៊ីលរបស់អាមេរិក និង រុស្ស៊ី ទៀតផង​។

នៅពេលនេះដែរ ចិន បាន បង្កើនសមត្ថភាពយោធា ដោយបានទិញប្រព័ន្ធមីស៊ីលការពារយ៉ាងទំនើបបំផុត គឺ S-400 ហើយពេលនេះ ចិនបន្តទិញយន្តហោះចម្បាំងទំនើប បំផុតលើពិភពលោក Su -57ពីរុស្ស៊ីទៀតផង ។

ការបង្កើតអាវុធរបស់ប្រទេសមហាអំណាបានបង្កក្តីបារម្ភយ៉ាងខ្លាំងថា តើមានរឿងអ្វីនឹងកើតឡើង នៅលើពិភពលោក? បានជាប្រទេសមហាអំណាច បង្កើនការទិញនិងផលិតអាវុធដោយខ្លួនឯង យ៉ាងច្រើន បែបនេះ ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ចិន នឹងទិញយន្តហោះចម្បាំងបំបាំងកាយជំនន់ទី៥ ប្រភេទ Sukhoi Su-57និង Su-35 ដែលជាយន្តហោះទំនើបបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ។

នៅក្នុងបទសម្ភាសន៍ថ្មីបំផុត លោក Viktor Kladov អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងគោលនយោបាយក្នុងតំបន់របស់ក្រុមហ៊ុន Rostec បានប្រកាសនូវព័ត៌មានសំខាន់ពីរ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា ជាមួយរុស្ស៊ី ។ ក្នុងនោះ រុស្ស៊ី នឹងអនុញ្ញាតលក់យន្តហោះចម្បាំងទំនើបបំផុតប្រភេទ Su-57ឲ្យចិន ។ ក្រៅពីនេះ នៅមានប្រទេសមួយចំនួនទៀត ដែលរុស្ស៊ីបានសម្រេច លក់យន្តហោះចម្បាំងទំនើបនោះឲ្យ ។

ព័ត៌មានសំខាន់ទីពីរ គឺ ចិន នឹងទិញបន្ថែមយន្តហោះចម្បាំង ជំនន់ទី៤++ ប្រភេទ Su-35s បន្ថែមជាច្រើនគ្រឿងទៀត ។ កន្លងមក ចិនបានទិញយន្តហោះប្រភេទនេះ ២៤គ្រឿងរួចមកហើយ ។

ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន បានផ្សាយថា យន្តហោះចម្បាំងជំនន់ទី៥ របស់ចិនប្រភេទ Chengdu J-20 មានសមត្ថភាព អាចនិយាយបានថា ខ្លាំងជាង Su-57របស់ចិនទៅទៀត ។

អាមេរិក រុស្ស៊ី និងចិន អាចឈានដល់ដំណាក់កាលប្រកួតប្រជែងបច្ចេកវិទ្យាសព្វាវុធ ក្រោយអាមេរិក សម្រេចដកខ្លួនចេញពី សន្ធិសញ្ញាកាត់បន្ថយអាវុធ INF ជាមួយរុស្ស៊ី ។ នៅពេលនេះ ប្រទេសមហាអំណាចយោធាទាំង៣បានខិតខំផលិតអាវុធ ទំនើបបំផុតលើពិភពលោក ដើម្បីមានប្រៀបលើគូប្រជែង ។

បច្ចុប្បន្ន អាមេរិក មានយន្តហោះចម្បាំង F-22A Raptor និង F-35 Lightning II ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារទៅលើគោលដៅនៅលើដី និងនៅលើអាកាស ។ ចំណែក Su-57 របស់រុស្ស៊ីបានសាកល្បងក្នុងរយៈពេលខ្លីនៅក្នុងប្រទេសស៊ីរី មិនទាន់អាចបញ្ជាក់បានពីសមត្ថភាពពិតប្រាកដនៅឡើយ ។ ដោយឡែក យន្តហោះចម្បាំង J-20 របស់ចិនវិញ ទោះមានព័ត៌មានថា ទំនើបបំផុត ជាងយន្តហោះរុស្ស៊ីទៅទៀត ប៉ុន្តែមិនទាន់បានបង្ហាញពីសមត្ថភាពពិតនៅក្នុងសង្គ្រាមនៅឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print