ភ្នំពេញ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តបែនដឹកថ្មមួយគ្រឿង បានបើកកៀរអ្នកជិះកង់ឆ្លងផ្លូវ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ហើយក៏រេចង្កូតទៅបុកម៉ូតូរ៉ឺម៉កដឹកធ្យូង និងបន្តបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតស្ងៀម បណ្ដាលឲ្យដាច់កង់មុខទាំងពីរទៅមុខលែងរួច ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥ នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នៅតាមបណ្ដោយផ្លូវជាតិលេខ៤មុខភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតហេតគេឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ឌីសសែលពណ៌ខៀវពាក់ស្លាកលេខ ក ៧៧៩៤ភព៣ដឹកថ្មពេញ បានបើកបរធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលមកដល់ចំណុចកើតហេតុមាន ស្ត្រីជាជនរងគ្រោះម្នាក់បានជិះកង់ឆ្លងផ្លូវ ពីជើងទៅត្បូងពេលឃើញបែបនេះរថយន្ត បានខំបើកគេចតែអ្នកជិះកង់នោះហាក់ស្លន់ស្លោ ស្ទាក់ស្ទើរទៅមុខបន្ដិចថយក្រោយបន្តិចទើបរថយន្តគេចមិនផុតក៏កៀរ ជនរងគ្រោះបណ្ដាលឲ្យដួលរងរបួសធ្ងន់តែម្ដង ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីរថយន្តនេះគេចពីកង់ហើយក៏បានជ្រុលទៅកៀររ៉ឺម៉កធ្យូងមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នាដែរបណ្ដាលឲ្យដួលខូចខាតរ៉ឺម៉កនោះយ៉ាងដំណំហើយពេលនោះរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកកន្ទុយរថយន្ត សណ្ដោងកុងតឺន័រមួយគ្រឿងទៀតដែលកំពុងចតស្ងៀមក្នុងទិសដៅស្របគ្នាបណ្ដាល ឲ្យដាច់កង់ខ្លួនឯងផ្នែកខាងមុខទាំងពីរទៅមុខលែងរួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានយករថយន្តស្ទូចទៅស្ទូចរថយន្តបង្ក និងយានយន្ដរងគ្រោះព្រមទាំងរ៉ឺម៉កដឹកធ្យូងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីពេលក្រោយ ៕
ដោយ៖ ប្រាថ្នា