ម៉ាឡេសុី៖ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា៖ រាជរដ្ឋា ភិបាលម៉ាឡេស៊ី បានឯកភាពបន្ដជួយអភិវឌ្ឍន៏ដល់សហគមន៏ខ្មែរឥស្លាម និងកិច្ចការមនុស្សធម៏ អប់រំ វប្បធម៏ ពិសេសជួយផ្ដល់ហិរញ្ញប្បទានខ្នាតតួច និងមធ្យម (ប្រព័ន្ធហិរញ្ញប្បទាន AR-RAHNU និងAIM)សិក្សា និងចាប់ផ្តើមដាក់ទុនវិនិយោគ តាមស្ថានភាពជាក់ស្ដែង ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិតYB Datuk Seri Dr. Mujahid bin Yusof រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនា ម៉ាឡេស៊ី ខណៈលោកដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សន កិច្ច នៅម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់ទំនាក់ទំនងល្អ លើវិស័យហាឡាល់,សាសនា,នយោបាយ,ពាណិជ្ជកម្ម វប្បធម៏ និងអបរំ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ២រោច ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៩ ។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជំនួបពិភាក្សា ការងារ រវាងកម្ពុជា និងម៉ាឡេស៊ី នៅពេលនេះ រាជរដ្ឋាភិបាលម៉ាឡេស៊ី បានឯកភាពបន្ដជួយអភិវឌ្ឍន៏សហគមន៏នៅកម្ពុជាបន្ដទៀត ដូចជា ទី១- ឯកភាពក្នុងការទទួលស្គាល់ស្តង់ដាហាឡាល់កម្ពុជា ជាផ្លូវការ និងផ្តល់វគ្គបណ្តុះបណ្តាលតាមវឌ្ឍនភាពហាឡាល់នាពេលបច្ចុប្បន្ន។ ទី២- គាំទ្រយ៉ាងពេញទំហឹងដោយបណ្តាស្ថាប័នភ្នាក់ងារត្រូវទាក់ទងបង្កើតជាបណ្តាញរួមគ្នាជំរុញ ការសិក្សាស្រាវជ្រាវ ធ្វើយ៉ាងណាឱ្យកិច្ចការគ្រប់គ្រងហាជ្ជី(ការធ្វើធម្មយាត្រា)ការគ្រប់គ្រងហ្សាកាត់(ការបរិច្ចាគទាន)វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) ប្រព័ន្ធសិក្សាធិការឥស្លាម និងការគ្រប់គ្រងរដ្ឋបាលឥស្លាម បានដំណើរការដោយជោគជ័យយ៉ាងឆាប់រហ័ស ស្របតាមច្បាប់រដ្ឋ និងនិតិវិធីរបស់ឥស្លាម ព្រោះកិច្ចការនេះ ម៉ាឡេស៊ីមានបទពិសោធន៍តាំងពីឆ្នាំ១៩៧៤ មកម្ល៉េះ។ ទី៣-ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ បានឯកភាពឱ្យស្ថាប័នទទួលបន្ទុកវិស័យហិរញ្ញប្បទានខ្នាតតូច និងមធ្យម (ប្រព័ន្ធហិរញ្ញប្បទាន AR-RAHNU និង AIM) សិក្សា និងចាប់ផ្តើមដាក់ទុនវិនិយោគ តាមស្ថានភាពជាក់ស្ដែង។ ទី៤- វិស័យមនុស្សធម៌ ក្នុងនាមរដ្ឋាភិបាលម៉ាឡេស៊ី ក៏ដូចជាបណ្តាស្ថាប័នទទួលបន្ទុកកិច្ចការមនុស្សធម៌ ដែលនៅក្រោមឱវាទជាពិសេស អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម(JAKIM)ក្រុម ប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេសុី (MAIWP) សមាគមបុគ្គលិកបម្រើកិច្ចការឥស្លាម (PKPU) ដែលប្រមូលថវិកាអំណោយមនុស្សធម៌ត្រូវសហការប្រតិបត្តិរួមគ្នាជាមួយភាគីរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្នុងការកសាងវិហារ,សាលារៀន,ការផ្តល់អាហារូបករណ៍,ការជួយឧបត្ថម្ភថវិកាដល់ក្មេងកំព្រា,កម្មវិធីស្រាយបួស កូរបាន
(គោគួរពាន) និងគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងភ្លើងឆេះផ្ទះជាដើម។ ទី៥-រាជរដ្ឋាភិបាលម៉ាឡេស៊ីសូមចូលរួមអបអរសាទរ ដល់សហគមន៍ឥស្លាមកម្ពុជា ដែលបានរួមរស់ប្រកបដោយសុខសន្តិភាព និងសុខដុមនីកម្មសាសនាដោយគ្មានការរើសអើងជាតិសាសន៍ គោរពស្រលាញ់គ្នា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតិឱ្យមានតំណាងសហគមន៍ឥស្លាមនៅ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជា ពិសេសសិទ្ធិសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា ធ្វើឱ្យមេដឹកនាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាមនៃប្រទេសម៉ាឡេស៊ី ប្រុយណេ ឥណ្ឌូនេស៊ី និងសិង្ហបុរី បានឯក ភាពជាឯកច្ឆ័ន ក្នុងការបញ្ចូលកម្ពុជា ជាសមាជិកអង្គការMABI MS ដែលជាអង្គការធំទី២ បន្ទាប់ពីអង្គការUN ។ អង្គការនេះមានគោលដៅនិងគោលបំណង ដើម្បីឱ្យកាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទពិ សោធន៍ និងដោះស្រាយបញ្ហាកិច្ចការឥស្លាមទូទៅ ដោយមិន ជ្រៀត ជ្រែកផ្ទៃក្នុងកិច្ចការនយោបាយប្រទេស ជាសមាជិក ព្រោះក្នុងមួយឆ្នាំ មានកិច្ច ប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់មួយដង និងជំនួបថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការពីរឆ្នាំម្តង ៕ ដោយ៖ សំរិត