ខេត្តតាកែវ ៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធាន កម្មវិធីកាវ៉ាក់២ បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តាកែវ ចុះសម្របសម្រួល និងធ្វើការណែនាំដល់ម្ចាស់ដីឡូត៍ដែលបានចាក់ដីលុបប្រឡាយ រំដោះទឹកនៅប្រព័ន្ធធារាសាស្ត្រចារ១ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៩នេះ។
លោក ថោ ជេដ្ឋា រដ្ឋលេខាធិការនិងមន្ទីរធនធានទឹក និងឧតុនិយមបាន ធ្វើការណែនាំឱ្យឈ្មួញដីកាយដីពីប្រឡាយចេញវិញជាបន្ទាន់ដោយទុកផ្លូវចូលត្រឹម១០-១៥ម៉ែត្រ និង មានការដាក់លូត្រឹមត្រូវក្រោមកិច្ចសហការបច្ចេកទេសជាមួយក្រុមការងារកាវ៉ាក់ រួមជាមួយអាជ្ញាធរស្រុក និងអាជ្ញាធរឃុំចារ ជាពិសេសធ្វើយ៉ាងណាកាយចេញឱ្យបានមុនរដូវភ្លៀងខ្លាំងចៀសវាងការស្ទះផ្លូវទឹក។ លោករដ្ឋលេខាធិការ និងក្រុមការងារបានបន្តដំណើរ ជាមួយ ឯកអគ្គរាជទូតរងអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បន្តចុះត្រួតពិនិត្យការកែលម្អ ពង្រីកសមត្ថភាពស្រោចស្រពនៅប្រព័ន្ធធារាសាស្ត្រតាសួងជំហានទី២ ស្ថិតក្នុងស្រុក ព្រៃកប្បាស ខេត្តតាកែវ។
ក្នុងកិច្ចដំណើរការកែលម្អប្រព័ន្ធធារាសាស្រ្ដនេះ គិតមកដល់បច្ចុប្បន្នអនុវត្តន៍ការងារបាន ៥០ភាគរយហើយ និងបន្ទាប់ពីកិច្ចការងារចប់សព្វគ្រប់ ប្រព័ន្ធទាំងមូលមានលទ្ធភាពស្រោចស្រពបានផ្ទៃដី៨៣៦ហិកតា និងមានសមត្ថភាពស្រោចស្រពដោយការបូមអាចមានលទ្ធភាពស្រោចស្រពបានរហូតដល់១.៥០០ហិកតា។
ជាមួយគ្នានេះ ដែរ ការអនុវត្តការងារដាំដុះចំនួន៣រដូវកន្លងមក ប្រព័ន្ធធារាសាស្ត្រតាសួងមានលទ្ធភាព ស្រោចស្រពបានផ្ទៃដីសរុប២.២១៥ហិកតា។
សូមបញ្ជាក់ថា ក្នុងការចុះសម្របសម្រួល និងធ្វើការណែនាំដល់ម្ចាស់ដីឡូត៍ដែលបានចាក់ដីលុបប្រឡាយរំដោះទឹកនៅប្រព័ន្ធធារាសាស្ត្រចារ១ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ក៏មានការរៀបចំកិច្ចប្រជុំដោយអភិបាលរងស្រុកព្រៃកប្បាសផងដែរ ៕