ភ្នំពេញ ៖ គ្រឿងញៀនច្រើនប្រភេទជាង២តោនរួមមាន ៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ) ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ស្របពេលរៀបចំប្រារព្ធទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិធ្វើឡើងក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្រោមវត្តមានសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ជាការកត់សម្គាល់ ជារៀងរាល់ឆ្នាំអង្គការសហប្រជាជាតិ (អ.ស.ប) បានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតម្រូវឲ្យប្រទេសជាសមាជិករៀបចំទិវានេះទៅតាមប្រធានបទរៀងៗខ្លួន ស្របតាមបរិបទនៃការគំរាមកំហែង ដោយបញ្ហាគ្រឿងញៀន។
«ទិវានេះធ្វើឡើង ក្នុងគោលដំណងចង់ឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីគ្រឿងញៀន ដែលបង្កគ្រោះថ្នាក់ និងហានិភ័យដល់សុខភាពសន្តិសុខសណ្តាប់ធ្នាប់ នៃការអភិវឌ្ឍជាតិរបស់ខ្លួន» ៕ ដោយ ៖ ជាយក្រុង