ទិវាឯករាជ្យជាតិ របស់ប្រទេស Madagascar ក្លាយទៅជាទុក្ខសោក ដោយសាតែមានហេតុការប្រជ្រៀតជាន់ លើគ្នា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាង១០០នាក់ នៅក្នុងពហុកីឡដ្ឋានដែលជាកន្លែងរៀបចំពិធី ទិវាឯករាជ្យជាតិ។
យ៉ាងហោចណាស់ក៏មានមនុស្ស ១៦នាក់ស្លាប់ក្នុងនោះមានកុមារ៣នាក់ និងរាប់សិបនាក់រងរបួស នៅមុខពហុកីឡដ្ឋាន Mahamasima ក្នុងរដ្ឋធានី Antananarivo របស់ប្រទេស Madagascar ដោយការប្រជ្រៀតជាន់លើគ្នា ក្នុងពិធី ប្រគំតន្រ្តី នាឱកាសបុណ្យឯករាជ្យជាតិ នាថ្ងៃទី២៦ខែមិថុនា។
តាមការប្រកាសរបស់អគ្គនាយក គ្រប់គ្រងពហុកីឡដ្ឋាន លោក Alison Oliva Rakoto បានបញ្ជាក់ថា ការប្រជ្រៀតជាន់លើគ្នា បណ្តាលឲ្យមានអ្នករងរបួសដល់ទៅជាង៨០នាក់ និងស្លាប់១៦នាក់ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រជ្រៀត ចូលទៅកាន់ពហុកីឡដ្ឋានដើម្បីចូលទស្សនាការប្រគំតន្ត្រី ក្រោយដង្ហែរក្បួនព្យុហយាត្រា។
កាលពីខែកញ្ញាឆ្នាំ២០១៨ នៅក្នុងប្រទេសតំបន់អាហ្វ្រិក Madagascar មួយនេះ ក៏មានហេតុការប្រជ្រៀតជាន់លើគ្នា បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់និង៣០នាក់រងរបួស ផងដែរ។ ហេតុការកើតឡើងក៏នៅមុខពហុកីឡដ្ឋាន ដូចគ្នា ដោយពេលនោះគឺការប្រកួតបាលទាត់រវាងក្រុមជម្រើសជាតិ Madagascar និង Senegal ។
កាលពី៣ឆ្នាំមុន មានហេតុការផ្ទុះគ្រាប់បែកកែឆ្នៃ ក្នុងទិវាឯករាជ្យ សម្លាប់មនុស្ស ៣នាក់និង១០០នាក់រងរបួស នៅក្នុងពហុកីឡដ្ឋានជាតិ Madagascarដូចគ្នា ៕