ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសៅរ៍នេះ នៅខេត្តព្រះសីហនុ មានពិធីរៀបចំដើម្បីផ្ទេរតំណែងចៅហ្វាយខេត្ត គឺ លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម បានចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ការប្រែប្រួលតម្រូវឲ្យមានការផ្លាស់ប្តូរចៅហ្វាយខេត្តចំនួន៣នេះ បន្ទាប់ពីបានកើតមានឧប្បត្តិហេតុបាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ បណ្តាលឲ្យជីវិតមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួសនោះ ។ ការទទួលខុសត្រូវក្នុងដែនគ្រប់គ្រងការងាររដ្ឋបាលរបស់លោក យន្ត មីន ជាអភិបាលខេត្តព្រះសីហនុ បានចេញមុខទទួលកំហុសសុំទោសសាធារណជន រហូតប្រកាសសុំលាលែងចេញពីតំណែង។
ឆ្លើយតបតាមស្ថានការណ៍ចំពោះមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការផ្លាស់ប្តូរចៅហ្វាយខេត្តចំនួន៣ ពោលគឺសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ , លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានផ្ទេរមកជាអភិបាលខេត្តកំពង់ចាម និងលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តព្រៃវែង ផ្ទេរមកជាអភិបាលខេត្តព្រះវិហារ តាមព្រះរាជក្រឹត្យ ។
កាលពីថ្ងៃម្សិលមិញនេះ ពលរដ្ឋចាប់អារម្មណ៍សារនៅលើទំព័រហ្វេសប៊ុករបស់លោក គួច ចំរើន បានសរសេរយ៉ាងខ្លីដែលមានខ្លឹមសារថា ៖ «គិតត្រឹមរសៀលនេះរយៈពេល២ឆ្នាំ និង១ថ្ងៃកន្លះ ដែលខ្ញុំចូលកាន់តំណែង ជាអភិបាលខេត្តកំពង់ចាម បេីទោះបីជារយះពេលខ្លី ក៏មនោសញ្ជោតនា ដួងចិត្តរបស់ខ្ញុំ បានចងចាំ និងដក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច នូវទឹកចិត្តដ៏ល្អប្រពៃ ស្វាមន៍ រួសរាយរាក់ទាក់សោមនស្ស របស់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាជនទូទាំងខេត្តកំពង់ចាម ដែលចូលរួមសហការក្នុងដំណេីរការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកំពង់ចាមទទួលបានជោគជ័យ»។
ខ្ញុំសូមជូនពរប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ និងរកទទួលទានកាន់តែរីកចំរើន ៕ ដោយ ៖ ជាយក្រុង