ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីជនរងគ្រោះប្ដឹងចោទប្រកាន់ថា បានរំលោភសេពសន្ថវៈលើរូបនាង បានសម្រេច រហូតដល់ទៅពីរដង ខណៈដែលបុរសជាគូដណ្ដឹងមិននៅផ្ទះ តែចំពោះជនសង្ស័យវិញបានបញ្ជាក់ថា គឺជាការត្រូវរ៉ូវគ្នាទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅបន្ទប់ជួលក្នុងបុរីសឡា ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ឡុង ស្រីល័ក្ខ អាយុ២១ឆ្នាំ មុខរបរកម្មការិនី រោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា មុនពេលកើតហេតុ ខ្លួនបានមកលេងបុរសជាគូដណ្ដឹងរបស់ នាងនៅបន្ទប់ក្បែរគ្នានោះ តែពេលដល់មិនឃើញគូដណ្ដឹងរបស់នាងនៅ នាងក៏ចាក់សោចូលក្នុងបន្ទប់នោះ ដោយខ្លួនឯង ព្រោះនាងក៏មានសោមួយដែរ ។
ប្រភពបន្ដថា ពេលនោះឈ្មោះ អ៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជាប់គ្នា ដែលត្រូវជាមិត្តភ័ក្ដិរបស់គូដណ្ដឹងនាង បានផឹកស៊ីនៅមុខ បន្ទប់ជួលនោះ ដែរ ហើយគេបានសំណូមពរឲ្យនាងរងគ្រោះជាអ្នកធ្វើម្ហូបឲ្យពួកគេក្លែមដើម្បីផឹកជាមួយគ្នា ពេលនោះជនសង្ស័យបានស្រវឹងស្រឿងៗបានចូលទៅដេកក្នុងបន្ទប់របស់ខ្លួននៅក្បែរគ្នានោះ ។ បន្ទាប់មកក៏បានទូរស័ព្ទហៅ នាងរងគ្រោះឲ្យមកកោសខ្យល់ឲ្យ ពេលកំពុងកោសខ្យល់នោះ ជនសង្ស័យបានចាប់រំលោភរហូតបានសម្រេចតែម្តង ។
បើតាមសំដីឈ្មោះ អ៊ុយ ម៉ារ៉ាឌី ជាជនសង្ស័យបានអោយដឹងថា ជនរងគ្រោះបានត្រូវរ៉ូវគ្នាជាមួយគាត់ ដោយបានរួមភេទជាមួយគ្នា បានសម្រេចដល់ទៅពីរលើកទៀតផង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុ និងឃាត់ខ្លួនជនសង្ស័យមកទីស្នាក់ការនគរបាល ប៉ុស្តិ៍ចោមចៅ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕
...
ដោយ៖ សុខាសែនជ័យ