ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំឲ្យលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ស្ម័គ្រចិត្តផ្តល់ឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា ដែលកំពុងត្រូវការឈាមជាចាំបាច់ ។ សកម្មភាពផ្តល់ឈាមនេះធ្វើឡើងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានមន្ត្រីស្ម័គ្រចិត្តផ្តល់ឈាមចំនួន១៦០នាក់ ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានថ្លែងថា នេះជាលើកទីមួយហើយ ដែលកម្លាំងកងរាជអាវុធហត្ថខេត្ត រួមសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមបានរៀបចំកម្មវិធីបរិច្ចាកឈាមនេះឡើង ដើម្បីទុកជួយសង្គ្រោះជីវិតមនុស្សដែលរងគ្រោះហើយត្រូវការឈាមជាចាំបាច់ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបន្តថា មន្ត្រីកងរាជអាវុធហត្ថដែលស្ម័គ្រចិត្តបរិច្ចាកឈាមមានចំនួន១៦០នាក់ តែមន្ត្រីដែលអាចផ្តល់ឈាមបាននោះមានចំនួន៥៣នាក់ប៉ុណ្ណោះ ដោយសារតែមន្ត្រីផ្សេងទៀតមានអាការៈទន់ខ្សោយបន្តិចបន្ទួច ព្រោះអត់ងងុយចេញល្បាតពេលយប់ការពារសន្តិសុខជូនប្រជាពលរដ្ឋ ។ ដូច្នេះថ្ងៃនេះឈាមដែលត្រូវបានបរិច្ចាកមានចំនួន៥៣ផ្លោកតែប៉ុណ្ណោះ ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះនៅកម្ពុជា ។
លោក សំ តុលា បានបញ្ជាក់ថា ការស្ម័គ្រចិត្តផ្តល់ឈាមរបស់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលនឹងបន្តធ្វើជាបន្តបន្ទាប់ ដោយឈរលើគោលការណ៏ ការផ្តល់ឈាម ដោយមានសុវត្ថិភាព ដើម្បីទុកសម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ៕
...
ដោយ៖ ស្អាងជ័យ