ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកនៅចំណុចភូមិអីុប៊ុ ឃុំស្តៅ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង រួចបានរាយ ការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងថា សពមានឈ្មោះអ៊ុប ផែន ភេទប្រុស អាយុ៣៥ឆ្នាំ បានបាត់ខ្លួនកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ។ ក្រោយរំលងបានមួយថ្ងៃទើបគេប្រទះឃើញសពអណ្តែតមកទើនៅមាត់កំពង់ទឹកខាងលើ ។
ក្រោយការចូលរួមពិនិត្យកោសល្យវិច័យពីគ្រូពេទ្យជំនាញនៃមណ្ឌលភាពស្រុកអះអាងថា ជនរងគ្រោះមានស្នាមដាច់រលាត់ជាំថ្ងាសស្តាំនឹងក្បាលជាំហើមទ្រុឌ ។ ជនរងគ្រោះអាចត្រូវនឹងវត្ថុរឹង ទើបបណ្តាលឲ្យស្លាប់ ។
ដោយឡែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចអះអាងថា អាចជាអំពើឃាតកម្ម ឬជារឿងគំនុំ សម្លាប់ជនរងគ្រោះរួចទម្លាក់ទឹកដើម្បីបំបាត់ដានអ្វីមួយ ។ ទោះយ៉ាងណា ជុំវិញករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេត និងស្រាវជ្រាវរកមូលហេតុពិត ។
បច្ចុប្បន្នសាកសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ មាស