សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅស្នាក់ការអង្គការពាណិជ្ជ កម្មពិភពលោក(WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស

ចែករំលែក៖

ប្រទេសស្វីស៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលពិធីនេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេ​វ៉េឌូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធានាធិបតី និងតំណាងប្រទេសនៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើនរូប។ ហើយក្នុងពិធីក៏មានការបង្ហាញជូននូវរបាំជូនពរផងដែរ។

បន្ទាប់ពីរបាយការណ៍របស់ ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេ​វ៉េឌូ អគ្គនាយកអង្គការពាណិជ្ជកម្ម​ពិភពលោក ដែលបានលើកឡើងពីព្រឹត្តិការណ៍សង្គម និងវប្បធម៌ របស់អង្គការពាណិជ្ជកម្ម ពិភពលោក(WTO)រួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រារព្វកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ មានខ្លឹមសារសំខាន់ៗថា៖ សម្ដេចពិតជារីករាយដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍សង្គមវប្បធម៌នេះ ដែលកម្ពុជាត្រូវបានផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមឲ្យធ្វើជាម្ចាស់កម្មវិធីសង្គមវប្បធម៌នេះ។ សម្តេចក៏បានកោតសរសើរចំពោះរដ្ឋលេខាធិការដ្ឋាន WTO ដែលបានសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្ថានបេសកកម្មកម្ពុជាប្រចាំ WTO រៀបចំកម្មវិធីដ៏វិសេសវិសាលនេះឡើង។

សម្តេចតេជោបានបន្តទៀតថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច កម្ពុជាជឿជាក់លើអត្ថប្រយោជន៍នៃសកលភាវូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឈរលើវិធានគតិយុត្តិ។

យើងយល់ថាពាណិជ្ជកម្មពិភពលោកមិនគួរត្រូវបានរារាំងដោយសាការកំណត់ពន្ធជាឯកតោភាគីនោះទេ ប៉ុន្តែគប្បីត្រូវបានលើកតម្កើង និងគាំទ្រតាមរយៈការប្រកាន់នូវគោលនយោបាយអំណោយផលសមស្របព្រមទាំងការផ្ដល់ក្របខណ្ឌអនុគ្រោះពិសេសដល់ប្រទេសកំពុងអភិវឌ្ឍ គឺនៅលើមូលដ្ឋាននៃជំនឿឥតងាករេ។ នេះហើយដែលសម្ដេចបានណែនាំដល់រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអគ្គរាជទូតរបស់កម្ពុជាឲ្យបន្តសហការជាមួយសមាជិកដទៃទៀតឲ្យមានប្រសិទ្ធភាពបំផុតក្នុងដំណើរការចរចាកែទម្រង់ WTO នៅក្នុងកាលៈទេសៈបច្ចុប្បន្នដែលតម្រូវឲ្យយើងរួមគ្នាពង្រឹងស្ថាប័នសកលហុភាគីនិយមដ៏មានសារៈសំខាន់មួយនេះ។

នៅក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រៀបរាប់អំពីកម្ពុជាដែលកន្លងមកបានជួបប្រទះនូវគ្រោះមហន្តរាយដ៏ធំគឺការធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនក្នុងឆ្នាំ 1970-1975 និងរបបខ្មែរក្រហមក្នុងឆ្នាំ 1975-1979 ដែលបានបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចជាតិ។ ពួក ប៉ុល ពត បានសម្លាប់អ្នកចេះដឹងស្ទើរតែគ្មានសល់ហើយបានបន្សល់ទុកអោយកម្ពុជាដ៏កម្សត់ ដែលនៅពេលនោះគឺនៅសល់គំនរផេះផង់ និងទឹកភ្នែក ហើយថ្វីដ្បិតតែរបបខ្មែរក្រហមត្រូវបានបញ្ចប់នៅថ្ងៃ 7 មករាឆ្នាំ 1979 តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅបន្លាយស្ថិតនៅក្នុងស្ថានភាពសង្គ្រាមផង និងសន្តិភាពផង។ កម្ពុជាពេលនោះបានប្រើដៃម្ខាងសម្រាប់ការពារប្រទេសពីការវិលត្រឡប់មកវិញនៃអំពើប្រល័យពូជសាសន៍ និងដៃម្ខាងទៀតសម្រាប់កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញពីចំណុចសូន្យក្នុងកាលៈទេសៈដែលមានការឃុំព័ន្ធ នឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថាបើទោះបីជាកម្ពុជាសម្រេចបាននូវសមិទ្ធសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ នឹងរៀបចំការបោះឆ្នោតលើកទី 1 ក្នុងឆ្នាំ 1993 តែសង្គ្រាមស៊ីវិលនៅតែបន្ត។ នោះហើយដែលធ្វើឱ្យកម្ពុជាបានសម្រេចបន្តដាក់ចេញនូវនយោបាយឈ្នះឈ្នះដែលនាំមកជូនកម្ពុជានូវការបញ្ចប់សង្រ្គាមទាំងស្រុងនឹងទទួលបាននូវសុខសន្តិភាពការបង្រួបបង្រួមជាតិនិងឯកភាពពេញលេញក្នុងប្រទេសជាលើកដំបូងនៅក្នុងឆ្នាំ 1998 ។ សម្តេចបានបញ្ជាក់ថាសន្តិភាពដែលសម្រេចបានដោយខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬគ្រាប់រំសេវសូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រំជ្រែងពីខាងក្រៅឡើយ។

សម្តេចតេជោបានបន្តទៀតថា ពីប្រទេសដែលធ្លាប់តែគេទទួលស្គាល់ថាជាវាលពិឃាត ជាតំបន់អសន្តិសុខដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដោយគ្រោះថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចអន់ថយផង ជាប់ក្នុងភាពក្រីក្រនិងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្នទទួលបាននូវសន្តិភាពពេញលេញនិងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយក្នុងតំបន់អាស៊ីជាប្រទេសនាំចេញស្បៀងអាហារមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលំអសុចនាករសង្គមនានា និងជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោកដែលថ្មីៗនេះបានឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ក្នុងរង្វង់ 7% ក្នុងមួយឆ្នាំក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ 2030 និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ 2050។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រទេសដាក់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានជួយដល់កម្ពុជា ក្នុងចំណោមបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងរយៈពេលកន្លងមកហើយក៏បានអំពាវនាវដល់សមាជិក WTO និងដៃគូអភិវឌ្ឍន៍ទាំងឡាយឲ្យបន្តជួយដល់ប្រទេសជាសមាជិកក្រីក្រឲ្យបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច និងអាចបន្តជំរុញកិច្ចដំណើរការអភិវឌ្ឍរបស់ខ្លួនទៅមុខកាន់តែលឿនថែមទៀតស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ។ ហើយនាឱកាសនោះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសបើកកម្មវិធីសង្គមវប្បធម៌ជាផ្លូវការចាប់ពីពេលនេះតទៅ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print