ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើរបស់ប្រជាពលរដ្ឋពីរខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយមិនដឹងមូលហេតុកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃសុក្រ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩ស្ថិតនៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ផ្ទះពីរខ្នងដែលបំផ្លាញ ដោយព្រះអគ្គី គឺ ផ្ទះមួយខ្នងមានទំហំ៦ម×៨ ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលប្រក់ហ្វីប្រូ (ខូចខាតទាំងស្រុងនិង ឆេះប្រាក់ចំនួន១,០០០ ដុល្លារ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។ផ្ទះនេះជាកម្មសិទ្ធិរបស់ឈ្មោះ សុះ សាវុធ ភេទប្រុស អាយុ៥៩ ឆ្នាំ ប្រពន្ធឈ្មោះ ម៉ាន សារ៉ស់ អាយុ៦០ ឆ្នាំ ។រីឯ មួយខ្នងទៀតផ្ទះទំហំ៦ម×៨ ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលប្រក់ហ្វីប្រូដូចគ្នា (ខូចខាតទាំងស្រុង ឆេះប្រាក់ចំនួន២ លានរៀល និងសម្ភារៈប្រើប្រាស់មួយចំនួន) ដែលម្ចាស់ផ្ទះឈ្មោះ ឡឹប កៃ ភេទប្រុស អាយុ៣៥ ឆ្នាំ ប្រពន្ធឈ្មោះ សាវុធ ពីសាហាន អាយុ៣៣ ឆ្នាំ។
អគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងនគរបាលស្រុកបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹក១ស៊ីទែន ទើបអាចពន្លត់ភ្លើងបានទាំងស្រុង។ ឯមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ សមត្ថកិច្ចកំពុង ស្រាវជ្រាវនៅឡើយ ៕ ចន្ថា