ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅជាប់ផ្សារបឹងត្របែក ខាងមុខបិទជិតដាក់ស្លាកផ្ទះជួលបន្លំភ្នែកសមត្ថកិច្ច ហើយបើកទ្វារក្រោយអោយក្រុមញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងរលូនមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមានវិធានការបង្ក្រាប។
ទីតាំងហ្គេមបាញ់ត្រីផ្ទះល្វែងខាងលើនេះទ្វាខាងមុខបិទជិតនៅតាមបណ្តោយផ្លូវលេខ១០១ ចំណែកទ្វារខាងក្រោយជាប់កន្លែងលក់បន្លែ ត្រី សាច់ ផ្សារបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បើកលេងដុះស្លែមកហើយ ផ្ដល់ជាជំរកអោយក្រុមញៀនល្បែង ញៀនថ្នាំ ក្មេងទំនើង ក្មេងស្ទាវ ចូលលេងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ បង្កការរំខានដល់ការស់នៅប្រជាពលរដ្ឋនឹងមានការភ័យក្លាច កើតមាន ចោរ ឆក់ ប្លន់ នៅមូលដ្ឋាន។
ប្រភពដដែលបានបន្តទៀតថា ជារៀងរាល់ថ្ងៃឃើញមានក្មេងៗ វយ័ជំទង់ ចាស់ ក្មេងចេញចូលមិនដែលដាច់ ហើយពេលខ្លះក៏មានការឈ្លោះប្រកែកគ្នាទៀតផង មិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ចចុះបង្រ្កាបឡើយ សង្ស័យម្ចាស់ទីតាំងសែនត្រូវសមត្ថកិច្ចអស់ហើយទើបបើកបានរលូនបែបនេះ ឯណាទៅដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ខណៈដែលមានល្បែងសុីសងក្នុងមូលដ្ឋានមិនបង្រ្កាបបែបនេះ។
សូមបញ្ជាក់ថា កន្លងទៅ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់នៅខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។ ឯកឧត្ដមអភិបាល បានបញ្ជាក់ទៀតថា នៅក្នុងរាជធានីភ្នំពេញកើតឡើងនូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជាបញ្ហាមួយក្តៅគគុក។
ដូច្នេះប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើមានតែរងចាំមើលលោក ថេង សុថុល អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌចំកាមនដែលទើបឡើងកាន់ដំណែងថ្មី និងលោក យិន សាន អធិការខណ្ឌចំការមន តើពេលណា ទើបលោកមានវិធានការក្ដៅបង្រ្កាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ? ៕ ស រស្មី