ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់កាំភ្លើងត្បាល់សរុប១០គ្រាប់កប់នៅដីតំបន់អតីតសមរភូមិសង្រ្កាមនៃស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់កាំភ្លើងត្បាល់សរុប១០គ្រាប់កប់ក្នុងដីចំការនៅទីតាំង២កន្លែងផ្សេងគ្នាតំបន់អតីតសមរភូមិសង្រ្គាមក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានចុះទៅប្រមូលយកដើម្បីរក្សាទុករងចាំប្រគល់ឱ្យមន្រ្តីស៊ីម៉ាកយកទៅបំផ្លាញចោលបញ្ចៀសគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុអាក្រក់ណាមួយកើតឡើង។

របាយការណ៍​បាបង្ហាញឱ្យដឹងថាកម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្រ្គាមមានចំនួន៦១នាក់ដែលចំនួននោះមានការកើនឡើង៣០នាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ដែលមានជនរងគ្រោះចំនួនតែ៣១នាក់ប៉ុណ្ណោះ ការប្រទះឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចដីចំការដំឡូងមីមួយកន្លែងក្នុងភូមិពន្សាយជើង ឃុំស្វាយចេក និងចំណុចដីចំការមួយកន្លែងទៀតនៅភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក។

វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ប្រាប់ថាគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ១០គ្រាប់ខាងលើគឺគ្រាប់មីនស្គរប្រឆាំងនិងមនុស្សមាន៩គ្រាប់និងគ្រាប់កាំភ្លើងត្បាល់១គ្រាប់ប្រភេទ១៣០មីលីម៉ែត្រ។ការប្រទះឃើញគ្រាប់ទាំងនោះមានប្រជាពលរដ្ឋ២នាក់ទៅធ្វើដីចំការដំឡូងមីនិងធ្វើស្រែប្រទះឃើញខណៈដែលមានការដកស្មៅដំឡូងមីនិងភ្ជួររាស់ដី។

លោកអធិការបញ្ជាក់ទៀតថាគ្រាប់ទាំងនោះបានយកមករក្សាទុកកន្លែងសុវត្ថិភាពនោះហើយដើម្បីរងចាំប្រគល់ឱ្យមន្រ្តីជំនាញស៊ីម៉ាកយកទៅកំទេចចោល។

សូមរំលឹកថានៅខេត្តបន្ទាយមានជ័យនេះផងដែរ កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅនេះ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាប្រភេទគ្រាប់ប្រឆាំងនិងយន្តហោះនិងគ្រាប់ប្រឆាំងនិងមនុស្សចំនួន៤១៤គ្រាប់ទៅឱ្យមន្រ្តីជំនាញដោះមីនហេឡូត្រាក់ ដើម្បីយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព។ក្រោយប្រជាពលរដ្ឋនៅស្រុកភ្នំស្រុកបានប្រទះឃើញគ្រាប់ទាំងនោះកប់ក្នុងដីចំការមួយកន្លែងដែលជាអតីតបន្ទាយកងទ័ព ក្នុងតំប់អតីតសមរភូមិសង្រ្គាម ក្នុងភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

សូមបញ្ជាក់ថាកម្ពុជាទោះបីបញ្ចប់សង្រ្គាមទាំងស្រុងនោះក៏ពិតមែនប៉ុន្តែគ្រាប់មីននិងកាកសំណល់សង្រ្គាមនៅតែមានកប់រាយប៉ាយនៅក្នុងនិងលើដីក្នុងតំបន់ដែលមិនទាន់ធ្វើការបោសសំអាតរួចរាល់ដែលជាបញ្ហាប្រឈមបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ជុំវិញបញ្ហានេះកម្ពុជានៅមានផ្ទៃដីរងនូវការគម្រាម ពីមីន និងគ្រាប់មិនទាន់ផ្ទុះ ប្រមាណ២ពាន់​១៤៨​ គីឡូម៉ែត្រក្រឡា

រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែល ធ្វើអោយកម្ពុជាអស់ការគម្រាមកំហែងដោយសារមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print