ខេត្តព្រះសីហនុ ៖ បន្ទាប់ពីក្រុមជនដៃដល់បើកការបាញ់ប្រហារលើស្ត្រីជនជាតិចិនម្នាក់ បណ្តាលឲ្យស្លាប់ ខណៈបានដើរចេញពីកាស៊ីណូជាមួយមិត្តប្រុស ហើយត្រូវបានក្រុមខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងសាហាវរួចមកកាលពីយប់មិញនេះ កម្លាំងសមត្ថកិច្ចបានបើកការស៊ើបអង្កេត មកដល់ពេលនេះជំនាញបានរកឃើញអត្តសញ្ញាណជនដៃដល់ហើយ គឺបង្កឡើងដោយជនជាតិចិន មានគ្នា៣នាក់ ។
តាមការស្រាវជ្រាវសមត្ថកិច្ចរកឃើញថា សពស្ត្រីរងគ្រោះឈ្មោះ Zhang Dan អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន បម្រើការងារនៅកាស៊ីណូអ៊េសវី ។
តាមប្រភពព័ត៌មានពីមិត្តប្រុសសពស្ត្រីរងគ្រោះឲ្យដឹងថា កាលពីវេលាអំឡុងម៉ោង១១និង៣០នាទីយប់ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះនិងមិត្តប្រុសបានដើរចេញពីកាស៊ីណូអ៊េសវី ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នៅពេលដើរមកដល់ក្បែរហាងកាហ្វេ៨៨១១ ស្រាប់តែលេខមុខជនជាតិចិន២នាក់ ចុះពីលើរថយន្ត១គ្រឿង មកចាប់ស្ត្រីរងគ្រោះនិងមិត្តប្រុសបំណងឡើងរថយន្ត តែបានរើបម្រាស់ធ្វើឲ្យផ្ទុះអាវុធចំមិត្តស្រីបណ្តាលឲ្យស្លាប់នៅកន្លែងកើត ហេតុ ចំណែកជនសង្ស័យបានឡើងជិះរថយន្តគេចខ្លួនបាត់ទៅ ។
គួរបញ្ជាក់ថា អំពើឃាតកម្មបាញ់សម្លាប់ស្ត្រីជនជាតិចិនបានកើតឡើងនៅអំឡុងម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិ៣ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ៕