ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើអោយនាយទាហានជាសិក្ខាកាមថ្មីទាំងអស់ ចេះគិតពិចារណា និងហ៊ាននិយាយការពិតនៅចំពោះមុខប្រវត្តិសាស្រ្តចំពោះមេដឹកនាំរបស់ខ្លួន និងបន្តការពារស្ថាបនិកសន្តិភាពរបស់កម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន អោយបានគង់វង្សយូរអង្វែង ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មាន ប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីភាព ធ្វើបាឋកថា និងសំណេះសំណាល ស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបទពិសោធន៍ការងារ ដល់យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និង និស្សិតនាយទាហានសកម្មជិត១ពាន់នាក់ នៅសាលានាយទាហានសកម្ម (ត្មាតពង) ស្ថិតនៅឃុំដំណាក់វាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២២៥ កក្កដានេះ។ កាលពីថ្ងៃព្រហស្បត៏៩រោច ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក្រៅពីធ្វើបាឋកថា ស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់សាលារាជធានីភ្នំពេញ ព្រមទាំងបទពិសោធន៍ការងារ ឯកឧត្តមក៏បានរំលឹកពីវីរៈភាពដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិចេញពីភ្លើងសង្រ្គាម និងដឹកនាំកសាងប្រទេសពីបាតដៃទទេ រហូតដល់សពថ្ងៃនេះ មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។
លោក ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម មានប្រសាសន៍អោយដឹងថា សាលានាយទាហានសកម្ម ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ របស់កងយោធពលខេមរភូមិន្ទដែលត្រូវបានបង្កើតឡើងនាសម័យដែលប្រទេសកម្ពុជា ស្ថិតក្រោមរបបអាណាព្យាបាលបារាំង ឆ្នាំ១៩៤៥។ ឯកឧត្តមនាយកសាលាបន្តទៀតថា ចាប់ពីឆ្នាំ១៩៩៥ ដល់២០១៩ សាលាបានបណ្តុះបណ្តាលនាយទាហានសកម្មបានចំនួន១៥វត្ត ដែលមាននាយទាហានចំនួន១៥៨២នាក់ (ស្រី១០៦នាក់)បានចេញពីសាលានាយទាហានសកម្ម ទៅបម្រើការងារ តាមបណ្តាកងឯកភាពនានា។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង និង ប្រតិភូសាលារាជធានីភ្នំពេញ បាននាំនូវអំណោយរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តល់ជូននាយទាហានជាសិក្ខាកាម ព្រមទាំងបានផ្តល់នូវថវិកាសម្រាប់កសាងរបង ប៉ែកខាងត្បូងសាលានាយ ទាហានសកម្ម និងទទួលយកសំណើរ សុំកសាងអគាររបស់នាយកសាលា មកពិនិត្យនិងពិភាក្សា ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនផងដែរ ៕ ដោយ៖ សំរិត