ខេត្តស្ទឹងត្រែង ៖ ក្រុមការងាររុករកបានឲ្យដឹងថា សពយោធាទាំងពីរនាក់បានរកឃើញហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩នេះ នៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង មានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
ក្រុមការងាររុករកបន្តថា សពប្រទះឃើញនៅវេលាម៉ោង៧និង៤១នាទីព្រឹកនេះ ១-ឈ្មោះ សុខ សុវណ្ណឌី ជាអ្នកជិះពីក្រោយ (មានជំងឺគ្រុនចាញ់) និងឈ្មោះ ភី នីដាលិ ជាអ្នកបើកបរម៉ូតូ ។
គួររំឭកថា មន្រ្តីយោធា២នាក់បានសុំច្បាប់លោកមេបញ្ជាការទៅព្យាបាលជម្ងឺ ខណៈកំពុងបើកម៉ូតូឌុបគ្នាឆ្លងស្ពានឈើមួយកន្លែង ដែលធ្វើសម្រាប់អោយបើកឆ្លងកាត់បណ្តោះអាសន្ន ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុងហូរគួចខ្លាំងក្រោមស្ពាន ស្រាប់តែបណ្តាលឲ្យបាក់ស្រុត ធ្វើឲ្យពួកគេធ្លាក់ចូលទឹកទាំងមនុស្ស និងម៉ូតូតែ ម្តង កាលពីព្រឹកម្សិលមិញ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ទើបក្រុមការងាររុករកឃើញសពអ្នកទាំងពីរនាក់ ៕