ខេត្តកណ្ដាលៈ ក្រុមជនសង្ស័យប្រុសស្រីជាមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យទាំង៣នាក់ខាងលើនេះ បានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ករណីខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទិ២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ឃាត់ខ្លួនបាន ទី១ឈ្មោះ ប៉េង ណារិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ទី/ ឈ្មោះ ទិត្យ អ៊ួយ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល និងទី៣ / ឈ្មោះ ថេង ប្រសិទ្ធ ហៅប្រុស ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន ០៨កញ្ចប់ (ធំ១កញ្ចប់ , មធ្យម១កញ្ចប់ និងតូច៥កញ្ចប់) ,ម៉ូតូចំនួន២គ្រឿង,ទូរស័ព្ទចំនួន២គ្រឿង និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យទាំង៣នាក់ខាងលើ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្រ្ដឃុំព្រែកគយ ដែលសមត្ថកិច្ចតាមដាន និងកំណត់ជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកឃាត់ខ្លួនបានទេ ។ លុះមកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានថា ជនសង្ស័យឈ្មោះ ថេង ប្រសិទ្ធ (ប្រុស) កំពុងជួញដូរគ្រឿងញៀន នៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែក គយ បានចុះដល់ចំណុចកើតហេតុ រួចធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ថេង ប្រសិទ្ធ (ប្រុស) បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់តូច ឈានដល់ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ហេង ប្រសិទ្ធ បានសារភាពថា ខ្លួនបានទិញគ្រឿង ញៀន(ម៉ាទឹកកក) ពីឈ្មោះ ប៉េង ណារិន ចំនួន១កញ្ចប់ធំ តម្លៃ ១០០,០០០រៀល ដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង១កញ្ចប់តូច តម្លៃ ២០,០០០រៀល ។ ក្នុងពេលជាមួយគ្នានោះដែរ បន្ទាប់ពីសមត្ថកិច្ចនគរបាលសួរនាំរួច ភ្លាមនោះក៏បន្តធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉េង ណារិន និងឈ្មោះ ទិត្យ អ៊ួយ ត្រួតពិនិត្យឆែកឆេរប្រទះឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៥កញ្ចប់បន្ថែមទៀត ក្នុងនោះ (ធំ១កញ្ចប់ , មធ្យម ១កញ្ចប់ និងតូច៣កញ្ចប់) រួមទាំងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត ។
នៅចំពោះ មុខសមត្ថកិច្ចនគរបាលឈ្មោះ ប៉េង ណារិន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹក កក)ចំនួន១ កញ្ចប់ធំ តម្លៃ ៥០០,០០០រៀល ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់បន្ត ។ ចំណែកឈ្មោះទិត្យ អ៊ួយ បានរួមដំណើរជាមួយឈ្មោះ ប៉េង ណារិន ដើម្បីជួញដូរគ្រឿងញៀនជាមួយគ្នា ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ ៕
...