ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន 1.000 USD ( មួយពាន់ដុល្លារអាមេរិក) របស់ព្រះករុណាជាអម្ចាស់ជីវិត
លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជូបត្ថម្ភ ចំពោះនកាកបាទក្រហមកម្ពុជា សំរាប់ខែ កក្កដា ឆ្នាំ២០១៩ តាមរយៈ សម្ដេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ៖ ព្រះករុណា
ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សំរាប់ជួយសង្គ្រោះ៖ ប្រជារាស្ត្រ កម្ពុជាក្រីក្រទទួលរងគ្រោះ៖ ដោយគ្រោះមហន្តរាយផ្សេងៗ ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជាសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុសក្តិសិទ្ធិនានាក្នុងលោកព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី យានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបព្រះនបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សំរាប់ ប្រជារាស្ត្រកម្ពុជា ជ្រកកោន តរៀងទៅ ៕