ប្រភពព័ត៌មានប៊ីប៊ីស៊ី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥បានផ្សព្វផ្សាយថា ទឹកដីក្នុងស្រុក Sangin ខេត្ត Helmand របស់អាហ្វហ្គានីស្ថាន ស្ទើរតែធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមឧទ្ទាមតាលីបង់ទាំងស្រុង បន្ទាប់ពីមានការប៉ះប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល នឹងក្រុមខ្មាន់កាំភ្លើងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ។
មន្ត្រីជាន់ខ្ពស់មួយរូបប្រចាំនៅក្នុងតំបន់បានប្រាប់ប្រភពប៊ីប៊ីស៊ីថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ទីស្នាក់ការប៉ូលិស និងអគាររដ្ឋាភិបាលសំខាន់ៗស្ថិតនៅក្នុងតំបន់បានស្ថិតនៅក្រុមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមតាលីបង់ ។ ក្រុមឧទ្ទាមតាលីបង់បានអះអាងថា សកម្មប្រយុទ្ធរបស់ខ្លួនដណ្តើបបានគ្រប់គ្រងស្រុក Sangin ទាំងស្រុង ។
ប៉ុន្តែទោះបីយ៉ាងណា ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានប្រកាសថា ការប្រយុទ្ធនៅបន្តកើតមាននៅឡើយ ហើយកងកម្លាំងបន្ថែមទៀតត្រូវបញ្ជូនទៅកាន់ទីនោះ ។
អភិបាលស្រុក Sangin លោក Haji Suliman Shah បានប្រាប់ប៊ីប៊ីស៊ថា លោកបានរត់ភៀសខ្លួនតាមឧទ្ធម្ភាគចក្រពីទីស្នាក់ការកណ្តាលរដ្ឋាភិបាលស្រុកឆ្ពោះទៅកាន់បន្ទាយយោធា Shorabak ដែលជាអតីតបន្ទាយកងទ័ព Cam Bastion ស្ថិតនៅក្នុងរដ្ឋធានីខេត្ត Lashkar Gah កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ព្រមជាមួយកងកម្លាំងសន្តិសុខ១៥នាក់ផ្សេងទៀតដែលរងរបួសផងដែរ ។
ប៉ូលិស និងទាហានរាប់រយនាក់ត្រូវរត់ទៅជ្រកពូននៅក្នុងជំរំមួយកន្លែងចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមស្រុក Sangin ហើយត្រូវបានឡោមព័ទ្ធនៅទីនោះ ។ ស្រុក Sangin ត្រូវគេដឹងថាជាទីតាំងដែលមានដំណាំអាភៀនច្រើនជាងគេបំផុតក្នុងខេត្ត Helmand របស់អាហ្វហ្គានីស្ថាននោះ ។ ទីនេះក៏ជាទីតាំងមជ្ឈមណ្ឌលយ៉ាងសំខាន់របស់ក្រុមឧទ្ទាមតាលីបង់ផងដែរ ដោយមានព្រំប្រទល់ជាប់ជាមួយព្រំដែនប្រទេសប៉ាគីស្ថាន ។
កងកម្លាំងយោធាប្រទេសអង់គ្លេស អំឡុងប្រតិបត្តិការនៅក្នុងទឹកដីអាហ្វហ្គានីស្ថានឆ្នាំ២០០១ ដល់ឆ្នាំ២០១៥ ចំនួន៤៥៦នាក់បានបាត់បង់ជីវិត ហើយក្នុងចំណោមនេះ១ភាគ៤គឺស្លាប់នៅក្នុងជុំវិញស្រុក Sangin នោះតែម្តង ។
កងកម្លាំងអាមេរិក និងអង់គ្លេសត្រូវបញ្ជូនទៅកាន់ខេត្ត Helmand កាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែក្នុងគោលដៅផ្តល់ទីប្រឹក្សាដល់កងកម្លាំងទាហានអាហ្វហ្គានីស្ថានប៉ុណ្ណោះ មិនចូលរួមសមរភូមិឡើយ ។
មន្ត្រីប៉ូលិសម្នាក់បានបញ្ជាក់ថា ស្ទើរតែទាំងស្រុងទៅហើយ តំបន់ខាងលើនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមតាលីបង់ ។ យើងមិនទាន់ឃើញមានជំនួយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ។ ប្រភពបន្តថា កងកម្លាំងជំនួយបានលោតឆត្រយោងចុះពីលើអាកាសក្នុងចម្ងាយមួយ ប៉ុន្តែផ្លូវទាំងឡាយត្រូវបានបិទ និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមតាលីបង់ ។ មានអ្នករងរបួសជាច្រើនដែលត្រូវការជម្លៀសជាប្រញាប់ ។
រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Masoum Stanikzai បានថ្លែងថា ស្ថានការណ៍នៅតំបន់ Helman គ្មានអ្វីដែលថា ក្តោបក្តាប់មិនបាននោះទេ ។ នៅពេលនេះ កងទ័ពជំនួយត្រូវបញ្ជូនទៅកាន់ទីនោះរួចហើយ ។ លោកបន្តថា កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថានចល័តមកពីគ្រប់តំបន់ទូទាំងប្រទេស ហើយនឹងគ្រប់គ្រងស្ថានការណ៍នៅទីនោះបានយ៉ាងប្រសើរបំផុត ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ រដ្ឋាភិបាលចក្រភពអង់គ្លេសបានអះអាងថា កងទ័ពអង់គ្លេសមួយចំនួនតូចត្រូវបញ្ជូនទៅកាន់តំបន់ Helmand ដើម្បីបំពេញតួនាទីជាទីប្រឹក្សាដល់កងទ័ពអាហ្វហ្គានីស្ថាន ។
កាលពីថ្ងៃទី២៣ ខែធ្នូ អ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់ Qari Yousuf Ahmadi បានអះអាងថា នៅមជ្ឈមណ្ឌល Sangin ទីស្នាក់ការប៉ូលិស និងគ្រឹះស្ថានដទៃទៀតបាននិងកំពុងស្ថិតក្រោមការប្រយុទ្ធជាមួយ mujahideen ហើយបន្តរហូតដល់ថ្ងៃនេះ…ដោយមានព្រះជាម្ចាស់ផ្តល់អំណាចដ៏ខ្លាំងក្លានោះ ស្រុកទាំងមូលត្រូវគ្រប់គ្រងដោយ mujahideen ។ ទង់ជាតិពណ៌សនៃចក្រភពអិស្លាម ឥឡូវនេះកំពុងលាតសន្ធឹងនៅក្នុងស្រុកនេះទាំងមូល ។
លោក Haji Daud ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Sangin របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានថ្លែងប្រាប់ប៊ីប៊ីស៊ីថា ពលរដ្ឋបាននាំគ្នារត់ភៀសខ្លួនចាកចេញពីស្រុក Sangin នោះឆ្ពោះទៅកាន់ភូមិដ្ឋានដែលនៅក្បែរនោះ ។
ពលរដ្ឋបានអះអាងថា ក្រុមឧទ្ទាមបានគ្រប់គ្រង២ស្រុកនៅក្នុងខេត្ត Helmand នេះ ។ កាលពីថ្ងៃទី២១ ខែធ្នូ អភិបាលរងខេត្ត Helmand បានថ្លែងនៅក្នុងលិខិតទៅកាន់ប្រធានាធិបតី Ashraf Ghani ដោយបញ្ជាក់ពីការខ្វះជំនួយពីរដ្ឋាភិបាលសម្រាប់កងកម្លាំងដែលឈរជើងនៅក្នុងសមរភូមិខាងលើនេះ ។
ក្នុងលិខិតដដែលបញ្ជាក់ថា Helmand នឹងដួលរលំធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់សត្រូវ ហើយវាមិនដូចនៅទីក្រុង Kunduz នោះឡើយ ។ នៅទីក្រុង Kunduz កងកម្លាំងរដ្ឋាភិបាលអាចប្រតិបត្តិការតាមដែនអាកាសដើម្បីដណ្តើមគ្រប់គ្រងបានវិញពីក្រុមសត្រូវ ប៉ុន្តែនៅទីនេះយើងពិតជាមិនអាចបំពេញតាមក្តីសុបិននេះឡើយ ។
កាលពីខែកញ្ញា ឆ្នាំ២០១៥ ក្រុមឧទ្ទាមតាលីបង់បានវាយប្រហារដណ្តើមគ្រប់គ្រងបានមួយរយៈពេលខ្លីស្ថិតនៅក្នុងទីក្រុង Kunduz ភាគខាងជើងអាហ្វហ្គានីស្ថាន ជាជ័យជម្នះមួយយ៉ាងធំធេងសម្រាប់ក្រុមឧទ្ទាមចាប់តាំងពីឆ្នាំ២០០១រៀងរហូតមក ៕
ប្រែសម្រួល៖ ថាច់ យ៉ាត