ភ្នំពេញ៖បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗខណៈកំពុងតែជិះម៉ូតូមួយគ្រឿងតាមផ្លូវដែលមានទឹកដក់សង្ស័យក្រឡាច់ដុំថ្មរអិលបណ្តាលឲ្យដួលត្រូវរថយន្តដឹកទំនិញធុនធំបើកមកពីក្រោយកិនពីលើដាច់ខ្លួនជាពីរស្លាប់យ៉ាងអាណោចអាធម៌នៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង០៥នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចមុខវត្តឧត្តរ៉ាវត្តីស្ថិតនៅក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1GT-9941បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង ដោយពុំមានពាក់មួកសុវត្ថភាពនោះទេខណៈនោះដែរក៏មានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវដាក់គោលដៅត្រួតពិនិត្យជាតិអាកុលចាប់អ្នកមិនមានមួកសុវត្ថិភាពផងដែរ។
ចំណែកជនរងគ្រោះមានមួកហើយមិនពាក់ រួចសមត្ថកិច្ចក៏បានធ្វើការណែនាំអោយពាក់មួកសុវត្ថិភាពរួចក៏ជិះចេញមកបានប្រហែលជាជិត២០០ម៉ែត្រ ជនរងគ្រោះបានជិះម៉ូតូចូលទឹកដែលដក់នៅលើផ្លូវនៅខាងស្តាំដៃសង្ស័យជាន់ដុំថ្មរអិលដួលបណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាកHYUNDAIពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-7645
បើកបរស្របទិសដៅគ្នាចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលកិនពីលើជនរងគ្រោះបណ្តាលឲ្យ ដាច់ខ្លួនពាក់កណ្តាលធ្លាយពោះវៀនចេញមកក្រៅរីឯម៉ូតូជនរងគ្រោះវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះភ្លាមៗនោះដែរអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកនៅព្រូររថយន្តម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ទៀ ថៃសំណាងភេទប្រុសអាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកគីរីសាគរខេត្តកោះកុង។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានដឹកយកទៅដំកល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសានាចំណែករថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕