បុរសម្នាក់ចូលក្នុងរូងភ្នំយកអាចម៌ប្រចៀវបានជាប់ក្នុងរូងភ្នំនៅខេត្តបាត់ដំបង៤ថ្ងៃមិនទាន់យកចេញបាននៅឡើយនោះទេក្រុមសង្រ្គោះកំពុងរកវិធីសាស្រ្តយកបុរសនោះចេញ ​

ចែករំលែក៖

ខេត្តបាត់ដំបង៖បុរសម្នាក់បានជាប់ក្នុងរូងភ្នំនៅខេត្តបាត់ដំបងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៤រហូតដល់ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មិនទាន់ត្រូវបាននាំចេញពីរូងភ្នំនៅឡើយនោះទេ។សេចក្តីរាយការណ៍ឱ្យដឹងថា ក្រុមសង្រ្គោះនៃអង្គភាព៧១១របស់កងពលតូចលេខ៧០ធ្វើដំណើរតាមយន្ដហោះនៅរសៀលថ្ងៃនេះដឹកនាំដោយអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍គន់ គីម គ្រោងទៅដល់ទីតាំងកើតហេតុដើម្បីរកវិធីសាស្រ្តសង្រ្គោះនាំបុរសនោះចេញពីរូងភ្នំ។សេចក្តីរាយការណ៍ឱ្យដឹងថាការជាប់នៅក្នុងរូងភ្នំខណៈដែលបុរសនោះបានចូលទៅក្នុងរូងភ្នំដើម្បីរកអាចម៌ប្រចៀវ។ទីតាំងកើតហេតុស្ថិតនៅរូងភ្នំចក្រី ខាងកើតសាលារៀនហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
​អធិការនគរបាលស្រុកភ្នំព្រឹកលោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ ប្រាប់ឱ្យដឹងថា បុរសនោះមានឈ្មោះ ស៊ុំ បូរ៉ា ភេទប្រុស​អាយុ២៨ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។បុរសនោះត្រូវបានសាច់ញាតិរកឃើញក្រោយពីទៅរកអាចម៌ប្រចៀវនិងបាត់ខ្លួនមិនបានត្រឡប់ មកផ្ទះវិញ។
​លោកអធិការនគរបាលស្រុកភ្នំព្រឹកឱ្យដឹងទៀតថាបុរសនោះនៅជាប់ក្នុងក្រលៀតភ្នំ អាចនិយាយឆ្លើយឆ្លងជាមួយក្រុមសង្រ្គោះបាន។ស្ថានភាពសុខភាពបុរសរងគ្រោះនៅរឹងមាំធម្មតាដោយក្រុមសង្រ្គោះបានព្យួរសេរ៉ូមបន្តក់ទឹកបរបនិងទឹកឱ្យទទួលទានតាមក្រលៀតភ្នំ។
​លោកអធិការបញ្ជាក់ទៀតថាជនរងគ្រោះធ្លាប់ចេញចូលក្នុងរូងភ្នំខាងលើដើម្បីរកអាចម៌ប្រចៀវជាធម្មតាមិនមានបញ្ហាអ្វីកើតឡើងនោះទេដោយឡែកសម្រាប់នៅថ្ងៃកើតហេតុថ្ងៃទី៤ ខែសីហា គាត់ចូលទៅក្នុងរូងភ្នំនោះហើយក៏ធ្លាក់ពិលពីដៃ ដោយយកជើងរាវរកពិល ស្រាប់តែរបូតដៃធ្លាក់ចូលក្នុងក្រលៀតភ្នំ ជាប់ក្នុងនោះតែម្តង។
​សូមបញ្ជាក់ថាខណៈដែលមានការជាប់គាំងបុរសនៅក្នុងរូងភ្នំយកមិនទាន់ចេញបាន នៅចំណុចខាងលើគេឃើញក្រុមគ្រួសារបុរសរងគ្រោះបានធ្វើពិធីបន់ស្រន់នៅកន្លែងកើតហេតុតាមអបិយជំនឿសាសនាខ្មែរយើងពីបុរាណដោយគ្រួសារជនរងគ្រោះជឿថាមកពីបុរសនោះបានយកកងបុរាណចំនួន៩និងឆ្អឹងម្យ៉ាងចេញពីរូងភ្នំ ប៉ះពាល់របស់គេទើបជាប់ក្នុងរូងភ្នំបែបនោះ។នៅកន្លែងកើតហេតុគេឃើញ ភរិយាបុរសរងគ្រោះយកកងបុរាណចំនួន៩និងឆ្អឹងដើម្បីធ្វើពិធីប្រគល់ឱ្យគេវិញ អនុវត្តតាមអបិយជំនឿ៕សំ វិច្ឆិកា

...


​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print