ភ្នំពេញ ៖ សេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បណ្តាលខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានៅតែបន្តកើតមានជំនន់ទឹកភ្លៀង ។ ការបញ្ជាក់បែបនេះបន្ទាប់ពីក្រុមការងារក្រសួងធនធានទឹកបានព្យាករកឃើញថា ក្នុងមួយរយៈមកនេះមានការវិវត្តយ៉ាងលឿនស្ទើរអាចនិយាយបានថា មិនដែលជួបប្រទះនោះមាន ៖ ព្យុះ៣ ស្ថិតក្នុងកន្សោមតែមួយ តែបច្ចុប្បន្ន ព្យុះទី៨ បានរលាយខ្លួនរួចទៅហើយ ដោយនៅសល់តែព្យុះ២ ដែលឥទ្ធិពលរបស់វាបាននឹងកំពុងស្របទាញធ្វើឲ្យប្រព័ន្ធសម្ពាធទាបឡើងទៅលើកាត់ភាគខាងជើងឡាវ និងវៀតណាម ។
សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា ចំពោះខ្យល់មូសុងនិរតីនៅបន្តមានឥទ្ធិពលខ្លាំងមកលើតំបន់មាត់សមុទ្រ ដែលស្ថានភាពអាកាសធាតុបែបនេះធ្វើឲ្យបណ្តាលខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាជួបដូចខាងក្រោម៖
១- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់នៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ។ លើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់ ។
២- ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី នឹងអាចមានភ្លៀង ក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន ។
៣- ខេត្តព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។
៤- ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីតិចទៅមធ្យម ។
ក្រសួងធនធានទឹកបញ្ជាក់ឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភាគខាងកើតជាប់នឹងព្រំប្រទល់ប្រទេសវៀតណាមអាចនៅមានបន្ត ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ជ្រាបជាព័ត៍មាន ។ ទន្ទឹមនឹងនេះ សូមបន្តបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រអាចមានកម្ពស់ ១-៦ ម៉ែត្រ ៕ ដោយ ៖ សុខខេមរា