ភ្នំពេញ ៖ ការសាមគ្គី គឺជាពាក្យពេចន៍ដ៏មានតម្លៃមួយសម្រាប់បង្ហាញពីកម្លាំង នៃការរួមចិត្តរួមគំនិត រួមសកម្មភាព ក្នុងបេសកម្មអ្វីមួយឲ្យទទួលបានជោគជ័យ ។ ដោយឡែកចាស់បុរាណលោកក៏បានលើកឡើងជាសុភាសិតមួយឃ្លាថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ។
នៅថ្ងៃសុក្រនេះ លោកឧញ៉ាចិត្តធម៌ ទៀ វិចិត្រ បានសរសរបង្ហោះនៅលើហ្វេសប៊ុកលោកថា «ត្រៀម១០០ភាគរយ ខ្ញុំបានត្រៀមអូប័រចំនួន១០គ្រឿង ដើម្បីជួយសង្គ្រោះបន្ទាន់ជូនបងប្អូនប្រជានេសាទ ក៏ដូចជាភ្ញៀវទេសចរណ៍ពេលជួបឧប្បត្តិហេតុផ្សេងៗលើផ្ទៃសមុទ្រ ។ តាមរយៈទូរស័ព្ទ0763457777/0963457777/0973457777 » ។
ការប្រកាសត្រៀមរបស់លោក ទៀ វិចិត្រ ស្របពេលដែលក្រុមការងារព្យាករក្រសួងធនធានទឹកបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភាគខាងកើតជាប់នឹងព្រំប្រទល់ប្រទេសវៀតណាមអាចនៅមានបន្ត និងសូមបន្តបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រអាចមានកម្ពស់១-៦ ម៉ែត្រ ៕ ដោយ ៖ ជាយក្រុង