ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក៥ នាក់ កាលរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីពួកគេ ចូលលួចលុយនិងសម្ភារៈ សក្ខាកាមនគរបាលជាតិ ។
មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន ៖
១៖ ឈ្មោះ រឿន ភណ្ឌ ហៅត្នោត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនប្រាកដ ជាមុខសញ្ញធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល៦ខែ ជាអ្នកធ្វើសកម្មភាពលួច។ ២៖ ២៖ ឈ្មោះ រឿន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំជនជាតិខ្មែរ។
៣៖ ឈ្មោះ គិន រីណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។
៤៖ ឈ្មោះ ប៊ុន រត្ន័ ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកសមគំនិត។
៥៖ ឈ្មោះ គាំ ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ កំពុងរត់គេចខ្លួន អ្នកទាំងរស់នៅក្នុងភូមិ ឃុំកើតហេតុ។
ចំណែកជនរងគ្រោះមាន២នាក់រួមមាន៖ ១៖ ឈ្មោះ សួស សារ៉ុត ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានមុខរបរមន្រ្តីនគរបាល មកស្នាក់នៅភូមិឃុំកើតហេតុ និង២៖ ឈ្មោះ តិប រ៉ុម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងមានមុខរបរនគរបាល មកស្នាក់នៅភូមិឃុំកើតហេតុ។ ជនរងគ្រោះទាំងពីរ ជាសិក្ខាកាមសាលាបណ្ឌិតសភានគរបាលកម្ពុជា ។
មុនពេលកើតហេតុជនរងគ្រោះដេកលង់លក់ នៅក្នុងបន្ទប់ផ្ទះជួលខាងលើរៀងៗខ្លួន ស្រាប់តែ ជនសង្ស័យទាំងនេះបានផ្លោះរបង ចូលទៅលួចទ្រព្យសម្បត្តិមានខ្សែក ទូរស័ព្ទ និងលុយមួយចំនួនផងដែរ រួចគេចខ្លួនបាត់។ ក្រោយមកទើបជនរងគ្រោះភ្ញាក់ពីដំណេក ទើបដឹងថា បាត់បង់ទ្រព្យសម្បត្តិ ក៏នាំគ្នាមកដាក់ពាក្យបណ្តឹងនាម៉ោងជាង៨ព្រឹក នៅប៉ុស្តិនគរបាលរដ្ឋបាលដីឥដ្ឋ ។
ក្រោយទទួលពាក្យបណ្តឹង លោក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ និងកម្លាំងនគរបាលប៉ុស្តិសហការជាមួយផ្នែកជំនាញ ដឹកនាំដោយលោកអធិការនគរបាល ស្រុកចុះស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យបាន៤នាក់និងរឹបអូសវត្ថុតាង លុយ និងសម្ភារៈមួយចំនួនប្រគល់ជូនជនរងគ្រោះវិញរួចនាំជនសង្ស័យយកមកកាន់ប៉ុស្តិ៍ដើម្បីសួរនាំតែម្តង ។ ចំណែកម្នាក់ទៀត កំពុងរត់គេចខ្លួន ។
ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរនោះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើលួចខាងលើប្រាកដមែន។
បច្ចុប្បន្ននគរបាលស្រុកកៀនស្វាយ កំពុង កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការ ដ្ឋាន ចាត់ការទតាមនីតិវិធី ៕