ភ្នំពេញ៖ បុរសម្នាក់ បានចូលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហៅពេទ្យរុស្ស៊ី ប៉ុនប៉ងបន្លំដូរសំបុត្រផ្ញើលួចយកម៉ូតូ តែត្រូវក្រុមសន្តិសុខមន្ទីរពេទ្យត្រួតពិនិត្យទៅឃើញថាសំបុត្រផ្ញើខុសគ្នា ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណមន្ទីរពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ អៀង គីមថេត ភេទ ប្រុស អាយុ 31 ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា កម្លាំងជំនាញបានទទួលជនសង្ស័យម្នាក់ ពីសន្តិសុខពេទ្យមិត្តភាពខ្មែរ-សូវៀតហៅពេទ្យរុស្ស៊ី បន្ទាប់ពីជននេះបានប្រើល្បិចយកសំបុត្រផ្សេងគ្នាមកបន្លំយកម៉ូតូនៅកន្លែងផ្ញើម៉ូតូ ក៏ត្រូវសន្តិសុខយកមកផ្ទៀងមកលេខខុសគ្នា ទើបឲ្យឈប់ប៉ុន្តែជនសង្ស័យព្យាយាមរត់ ត្រូវបានសន្តិសុខតាមចាប់បានវិញ ។ វត្ថុតាងដកហូត៖ ម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីម C125សេរី019 ស្លាកលេខ1N-8406 កំពង់ស្ពឺលេខតួ ម៉ាស៊ីន 5480563 ។
បច្ចុប្បន្នជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌដើម្បីចាត់ការតាមនិតិវិធី៕ស រស្មី
...