ខេត្តកំពត ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ព្រំដែនព្រែកចាក៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ៤ និងលេខ៥ លើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។ គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលអោយមន្ត្រីនគរបាលអន្តោប្រវេស្តិ៍ប៉ុស្តិ៍ព្រំដែនព្រែកចាក៤នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។
បេីតាមប្រភពព័ត៌មានអោយដឹងថា មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំង៥នាក់ធ្វេីដំណេីររួមជាមួយគ្នាដោយរថយន្តមួយគ្រឿងម៉ាកតូយូតាហាយឡេនឌ័រ បេីកតាមបណ្តោយផ្លូវកេីតហេតុខាងលេីបានបុកប៉ះពីក្រោយរថយន្តធុនធំមួយគ្រឿង ដឹកធ្យូងថ្ម ដែលគេអះអាងថា មិនមានភ្លេីងបំភ្លឺជាសញ្ញាសម្គាល់នោះទេ បណ្តាលអោយអ្នកបេីកបរជាមន្ត្រីនគរបាលអន្តោប្រវេសន៍នៅព្រែកចាកបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងអ្នករួមដំណើរ៤នាក់ទៀតរបួសធ្ងន់ធកងរហើយបានស្លាប់បន្តបន្ទាប់គ្នាផងដែរ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅជួយធ្វើអន្តរាគមន៏ ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ចំណែកអ្នកស្លាប់ធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារ និងអង្គភាពមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ចំពោះមធ្យោបាយធ្វើដំណើរបង្កគ្រោះថ្នាក់ចរាចរណ៍ទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងធ្វេីកំណត់ហេតុ រួចនាំយកទៅរក្សាទុកនៅអធិការនគរបាលដើម្បីដោះស្រាយគ្នាតាម ច្បាប់កំណត់ ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំង៥នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរបួសធ្ងន់រួមមាន ៖ ១-លោកវរសេនីយ៏ទោ តាន់ ភេង ឋានៈនាយរងប៉ុស្តិ៍ច្រកទ្វារ (ស្លាប់) , ២-លោកអនុសេនីយ៏ឯក ស្ងួន សារ៉ាត់ ឋានៈនាយរងផ្នែក(ស្លាប់) ;៣ -លោកវរសេនីយ៏ឯក ញឹប ភិរក្ស ប្រធានក្រុមហិរញ្ញកិច្ច (ស្លាប់) ;៤-លោកអនុសេនីយ៏ឯក ឃី ឡុក មន្ត្រីហិរញ្ញកិច្ច (ស្លាប់) និង៥-លោកអនុសេនីយ៏ឯក ថៃ វីរ: អនុក្រុមផ្ដល់ទិដ្ឋាការ របួសធ្ងន់ កំពុងស្ថិតនៅក្នុងការជួយ សង្គ្រោះនៅឡើយ ៕ ដោយ ៖ ជាយក្រុង