មកលេងផ្ទះមិត្តភក្តិបាត់កូនពីអង្រឹងសង្ស័យគេលួចយកទៅលក់ សមត្ថកិច្ចដាក់ការសង្ស័យក្រៅផ្លូវការអាចធ្លាក់ទឹកស្រះចិញ្ចឹមត្រីឆ្តោស៊ីខ្ទេច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្រ្តីម្នាក់បានស្រែកទ្រហោរប្រាប់ភ្នាក់ងារកាសែតនគរវត្តថា ជាងកន្លះខែមកហើយដែលគាត់បាត់កូនស្រីអាយុ៣ឆ្នាំកំពុងស្រលាញ់ពេញដើមទ្រូង ដោយចោរលួចពីអង្រឹង យកទៅបាត់ គ្រាដែលគាត់ទៅដេកលេងនៅផ្ទះមិត្តភក្តិមួយយប់ ។ ការបាត់កូនស្រីជាទីស្រ​លា​ញ់នេះដែរ ស្រ្តីរូបនេះបានទៅដាក់ពាក្យបណ្តឹងនៅអាជ្ញាធរមូលដ្ឋានជាហូរហែដែរ តែមិនទទួលបានលទ្ធផលរកឃើញកូនស្រីនៅឡើយ ។

ស្រ្តីរូបនេះឈ្មោះ សិញ ថុល អាយុ ៤០ឆ្នាំ មានប្តីក្រោយឈ្មោះ ឌឿ ដេ អាយុ២៧ ឆ្នាំ មុខរបរ នេសាទ មានទីលំនៅ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ បានរៀបរាប់ទាំងទឹកភ្នែកថា សព្វថ្ងៃគាត់មានកូន២នាក់រស់នៅក្នុងបន្ទុក ដោយកូនទី១ជាកូនស្រីរបស់ប្តីដើមអាយុ ៧ឆ្នាំ និងកូនទី២ ដែលបាត់ខ្លួនជាកូនស្រីប្តីក្រោយ ។ នៅថ្ងៃទី៤ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ រូបគាត់បានទិញបង្កង២គ-ក្រ រួចយកទៅ ហូបចុកនៅផ្ទះមិត្តភក្តិ​ដែលគាត់តែងហៅថា​«ម៉ែអាជេ»មានទីលំនៅមណ្ឌលអូរតាសេក ផ្ទះ៨០០ខ្នង ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្រោយពេលហូបចុករួច នៅវេលាម៉ោង១០យប់ថ្ងៃនោះ គាត់បានត្រូវបានម្ចាស់ផ្ទះឃាត់ដេកនៅផ្ទះរបស់គេមួយយប់ គាត់ក៏យល់ព្រម ហើយចងអង្រឹងកណ្តាលផ្ទះឲ្យកូនស្រីឈ្មោះ ដេ គឹមឡាង អាយុ៣ឆ្នាំ ដេកលក់ទាំងអស់គ្នាជាមួយម្ចាស់ផ្ទះជាប្តីប្រពន្ធដោយមានចាក់សោរបងនិងគន្លិះទ្វារផ្ទះត្រឹមត្រូវ។ លុះភ្លឺឡើងក្រឡេកមើលក្នុងអង្រឹងស្រាប់តែបាត់កូនស្រីមិនដឹងទៅណា ឯទ្វារផ្ទះ និងរបងចំហរធ្លុងក៏នាំគ្នាឆោ​ឡោ ស្វែងរកកូនគ្រប់ទីកន្លែងតែរកមិនឃើញធ្វើឲ្យគាត់តក់ស្លុតនិងយំលែងចេញ ។

ស្រី្តរូបនេះបានរៀបរាប់ទាំងទឹកភ្នែកទៀតថា ក្រោយពីបាត់កូនស្រីតូចមិនដឹងទៅណារូបគាត់និងស្វាមី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់រលក និងនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវឲ្យជួយស្រាវជ្រាវរកកូន ហើយពេលនោះសមត្ថកិច្ចបានមកធ្វើកំណត់ហេតុសួរនាំបានបន្តិចក៏ត្រឡប់ទៅវិញ ។ ចាប់ពីពេលនោះរហូតដល់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩ នេះកូនស្រីរបស់គាត់បាត់ដំណឹងឈឹងធ្វើឲ្យគាត់អស់សង្ឃឹមខ្លាំងណាស់ ហើយពេលសួរសមត្ថកិច្ចម្តងៗ ហាក់ព្រងើយកន្តើយមិនរវីរវល់ជួយស្រាវជ្រាវ បែរជានិយាយបន្ទោសគាត់ថែមទៀតថា មកពីគាត់ធ្វេសប្រហែសខ្លួនគាត់ជាម្តាយមិនដឹងផង តើឲ្យសមត្ថ កិច្ចទៅស្រាវជ្រាវដឹងម្តេចកើត ?គាត់បន្តទៀតថា អ្វីដែលគាត់មិនអស់ចិត្តនោះ គឺសមត្ថកិច្ចមិនបានហៅម្ចាស់ផ្ទះទៅសាកសួរ នាំដើម្បីស្រាវជ្រាវនោះទេ នៅគ្រាដែលគាត់សង្ស័យរឿងនេះពាក់ព័ន្ធនឹងម្ចាស់ផ្ទះលួចកូនគាត់យកទៅលក់ ព្រោះមុនពេលចូលដេកទាំងអស់គ្នាគាត់ឃើញម្ចាស់ផ្ទះបិទទ្វាររបង និងទ្វារផ្ទះត្រឹមត្រូវ លុះពេលជិតភ្លឺឡើងបាត់កូនពីអង្រឹង ឃើញទ្វារផ្ទះនិងរបងចំហ ថែមទាំងឃើញឆ្កែ ត្រូវបានគេចាប់ចងដាក់ក្នុងបន្ទប់ទឹកមិនឲ្យព្រុសទៀត ។ ដោយឡែកសព្វថ្ងៃនេះត្រូវបានអ្នកភូមិផងរបងជាមួយចំអកឡកឡឺយដាក់គាត់ថា គាត់យកកូនទៅលក់ បានជាមិនសូវរវីរវល់ តាមរកកូនឲ្យឃើញ ។ 

ដោយហេតុនេះហើយធ្វើឲ្យគាត់ឈឺចិត្តណាស់ ម្តាយណាមិនស្រ​លាញ់កូន? ម្តាយឯណាយកកូនជាទីស្រលាញ់ស្មើជីវិតទៅលក់? ដូចជាអយុត្តិធម៌ពេកហើយ​សម្រាប់រូបគាត់ ។ យ៉ាងណាស្រី្តរូបនេះ ក៏បានសូមអំពាវ នាវដល់បងប្អូនណាបានឃើញកូនស្រីមានភិនភាគដូចក្នុងរូបថតនេះ មេត្តាផ្តល់ដំណឹងនេះ ដល់រូបគាត់ផងគាត់នឹងជូនសគុណ ។

ទាក់ទិននឹងរឿងនេះ លោក រស់ កី អធិការនគរបាល ស្រុកស្ទឹងហាវបានប្រាប់ភ្នាក់ងារអង្គភាពកាសែតនគរវត្តកាលពីរសៀលថ្ងៃទី១៩ខែសីហានេះថា ពិតជាមានរឿងនេះកើតឡើង មែន ហើយសមត្ថកិច្ចរបស់លោកក៏មិនមែនព្រងើយកន្តើយក្នុងការស្រាវជ្រាវនោះដែរ ។

លោកអធិការបន្តថា ដោយសារគ្មានតម្រុយ និងមិនមានភស្តុតាងណាមួយដើម្បីដាក់បន្ទុក ក្នុងករណីបាត់ក្មេងនេះធ្វើឲ្យសមត្ថកិច្ចរបស់លោកខិតខំបន្តស្រាវជ្រាវ ដោយដាក់ការសង្ស័យក្រៅផ្លូវការថា ទី១ អាចជាល្បិចកលរបស់ស្រ្តីជាម្តាយធ្វើដើម្បីឲ្យប្តីដែលចុះទូកនេសាទត្រីរាប់ខែឆាប់មកផ្ទះវិញ ទី២-អាចក្មេងរងគ្រោះចុះពីអង្រឹងពេលចាស់ៗដេកលក់ហើយវារទៅធ្លាក់ស្រះចិញ្ចឹមត្រីឆ្តោលង់ស្លាប់ហើយត្រីស៊ីជាចំណីបំបាត់សពផងក៏មិនដឹង ព្រោះថាផ្ទះនោះសង់ប្របនឹងស្រះចិញ្ចឹមត្រីឆ្តោធំៗណាស់ និងទី៣ បើយល់ថាមានគេចូលទៅលួចក្មេងយកទៅលក់ដូចមិនសមព្រោះតាមការពិនិត្យស្រាវជ្រាវជាក់ស្តែងនិងបង្ហាញពីសាក្សីនៅកន្លែងកើតហេតុឃើញថាគ្មានអ្វីប្រែប្រួលនោះទេ។ នេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការប៉ុណ្ណោះ ខណៈដែលលោកអធិការអះអាងថា កំពុងស្រាវជ្រាវបន្តរឿងនេះនៅឡើយ  ៕ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print