ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាហោចអាធ័ម នៅគ្រាកំពុងបំពេញភារកិច្ចធ្វើសំណង់(លូបង្ហូរទឹក) ស្របពេលមេឃធ្លាក់ភ្លៀងលាយឡាំទៅដោយខ្យល់ ផ្គរ រន្ទះ ។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង២០នាទី រសៀលថ្ងៃអង្អារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចបឹងប្រស្រី ស្ថិតក្នុងភូមិចាយូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកបាកាន ជនរងគ្រោះ(ស្លាប់)ដោយគ្រោះធម្មជាតិរន្ទះបាញ់ឈ្មោះ វ៉ែន ណូត ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មកធ្វើកម្មករសំណង់(លូទឹកប្រឡាយ)របស់ក្រុមហ៊ុន(សូម៉ា) ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ នៅចំណុចកើតហេតុ ប៉ុន្តែគ្រោះចង្រៃបានផ្ដាច់ជីវិតគាត់យ៉ាងសង្វេគបែបនេះ ។
របាយការណ៍ដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុ និងទទួលព័ត៌មានអំពីហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋានសហការចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ លទ្ធផល៖ អាចសន្ថិដ្ឋានបានថា ជនរងគ្រោះអាចពិតជាស្លាប់ដោយគ្រោះធម្មជាតិរន្ទះបាញ់ពិតប្រាកដ ក៍ធ្វើកំណត់ហេតុត្រឹមត្រូវតាមបែបរដ្ឋបាល ៕ បុឹម ពិន