ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកហ្វត បើកលឿនដូចហោះបានជ្រុលបុកគោយន្តកន្ដ្រៃពីក្រោយពេញទំហឹង បណ្ដាលឱ្យភាគីខាងគោយន្តរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគោយន្តកន្ដ្រៃបណ្តាលឱ្យរងរបួសរដូករណេល នៅលើកំណាត់ផ្លូវជាតិលេខ៥ខាងលើ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៣.១៥៤ ស្ថិតក្នុងភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកក្រគរ បានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A.G-6997 បើកបរដោយឈ្មោះ នី ម៉ូលីកា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ (របួសស្រាល) ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលបុកគោយន្តកន្ដ្រៃពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ៣នាក់ ។
សមត្ថកិច្ចនគរបាលបន្តថា ជនរងរបួសទី១-ឈ្មោះ ជឿន ជុន ភេទប្រុស អាយុ ១៨ឆ្នាំ (របួសធ្ងន់) ទី២-ឈ្មោះ ញឹម ម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ (របួសធ្ងន់) និងទី៣-ឈ្មោះ កាន ស៊ីណាត ភេទប្រុស អាយុ ២១ឆ្នាំ (របួសស្រាល) ត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយជនរងរបួសធ្ងន់ស្រាលទាំង ៣នាក់រស់នៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ។
ប្រភពដដែលញ្ជាក់ថា វត្ថុតាងគោយន្តកន្ដ្រៃ និងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន