ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ លោក ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈ ប្រតិភូកម្ពុជាចំនួន ០៦រូប អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ររយៈពេល០៤ថ្ងៃ គឺថ្ងៃទី ២៦-២៩ ខែសីហា ឆ្នាំ២០១៩។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចនេះ ធ្វេីឡេីងស្របពេល ដែលទំនាក់ទំនងរវាងប្រទេសកម្ពុជា និងស្រីលង្កា កាន់តែមានភាពល្អប្រសេីរឡេីង និងក្នុងគោល បំណង ដេីម្បីស្វែងយល់ពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជ កម្ម និង សកម្មភាពវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសដេីម្បីស្វែងរកការវិនិយោគវិស័យហាឡាល វិស័យហិរញ្ញវត្ថុបែបឥស្លាម និងការងារមនុស្សធម៌មួយចំនួនផងដែរ។
លោកបានរំលឹកថា៖ ក្នុងដំណើរទស្សនកិច្ចនេះ លោក និង គ្រោងនឹងអញ្ជេីញជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងព្រះពុទ្ធសាសនា និង វប្បធម៌ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥស្លាម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាស្រីលង្កា ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ប្រធានសាជីវកម្មធានារ៉ាប់រងស្រីលង្កា រដ្ឋមន្ត្រីក្រសួងផែនការទីក្រុង ផ្គត់ផ្គង់ទឹក និង ការអប់រំថ្នាក់ឧត្តមសិក្សា សភាពាណិជ្ជកម្មកូឡំបូ រដ្ឋមន្ត្រីក្រសួងសាធារណៈការ ព្រមទាំង ថ្នាក់ដឹកនាំស្ថាប័នមួយចំនួន និង អ្នកវិនិយោគឧស្សាហកម្មហាឡាល់ជាច្រើនទៀត ។
ជាមួយគ្នានេះដែរ លោកក៏គ្រោងនឹងចូលជួបសម្តែងការគួរ សមជាមួយ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កាផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក និង គណៈប្រតិភូកម្ពុជា នឹងអញ្ជេីញទស្សនា សិក្សាស្វែងយល់ ម៉ាស្ជិទ Dewatagaha នៅស្រីលង្កា មុននឹងធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ ៕ ដោយ៖ សំរិត