អំពើហិង្សាដោយបាតុកម្មកើនឡើងនៅតំបន់ Papuan ឥណ្ឌូនេស៊ី ​​បណ្តាលឲ្យ​មានអ្នកស្លាប់ជាច្រើន​

ចែករំលែក៖

បាតុកម្មប្រឆាំងរដ្ឋាភិបាល ឥណ្ឌូនេស៊ី​ នៅតំបន់​ Papuan ​កើនឡើងខ្ពស់ ដោយពេលនេះ​មានការផ្ទុះអាវុធ បណ្តាលឲ្យបាតុករ៦នាក់ស្លាប់។ ការបាញ់ខាលើកើតឡើងក្រោយពេល ខណៈក្រុមបាតុករ​ព្យាយាមរុលចូលទៅក្នុងអគារ នៃការិយាល័យរដ្ឋាភិបាលមួយកន្លែង ស្ថិតនៅ​តំបន់ Deiyai នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។

នាយកប្រតិបត្តិ​គាំទ្រឯករាជ្យ សហព័ន្ធចលនា​រំដោះ West Papua លោក Markus Haluk បានបញ្ជាក់ប្រាប់រ៉យទ័រ​តាមទូរស័ព្ទថា ការបាញ់ប្រហារ​ នៅតែបន្តកើតមានឡើង ​នៅ​ពេល​ឥឡូវនេះ។ យើងមិនទាន់ដឹងថា តើមានជនរងគ្រោះមានប៉ុន្មាននាក់នៅទីនោះទេ។

លោក Dedi Prasetyo អ្នកនាំពាក្យប៉ូលិស​ជាតិ​របស់ឥណ្ឌូនេស៊ី បាន​ច្រានចោល​ព័ត៌មាន​ ពីការបាញ់សម្លាប់ហ្វូងបាតុករ​ ហើយលោកចាត់ទុកថា នេះជាព័ត៌មាន​បង្កហេតុ។ អ្នកនាំ​ពាក្យដដែល បានបញ្ជាក់ថា ព័ត៌មានដែលជឿទុកចិត្តបាននោះ គឺមានតែប្រភពព័ត៌មាន ចេញមកពី​ប៉ូលិស​ នៅក្នុងតំបន់ Papuan តែប៉ុណ្ណោះ។

អ្នកនាំពាក្យ​កម្លាំងទាហាន នៅ​​តំបន់ Papuan លោក Eko Daryanto បានថ្លែងថា មន្ត្រីប៉ូលិស​ខ្លះ​បានរងរបួស​ ដោយសារការបាញ់ព្រួញ​ ។ លោកបានប្រាប់សារព័ត៌មាន រ៉យទ័រ តាម​ទូរ​ស័ព្ទ​ថា “យើងមិនទាន់ដឹងថា តើមានជនរងគ្រោះប៉ុន្មាននាក់ទេ ពីព្រោះការប្រា​ស្រ័យទាក់​ទងពីទីនោះ នៅមានកម្រិត” ។
ប្រជាជនរាប់ពាន់នាក់ រស់នៅក្នុងខេត្ត Papua នាភាគខាងកើតបំផុត នៃប្រទេស​ឥណ្ឌូ​នេ​ស៊ី បាននាំគ្នាតវ៉ា ចំពោះការរើសអើងជនជាតិភាគតិច ចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ ដោយ​ក្រុមបាតុករ បាននាំគ្នាដុតផ្សារ, ដុតពន្ធនាគារ និងការិយាល័យរដ្ឋាភិបាល ជាដើម ។
បាតុ​កម្ម​នេះ បានផ្ទុះឡើង ​ដោយសារ​ការប្រកាន់ជាតិសាសន៍មួយចំពោះនិស្សិត Papuan ដែលរងការវាយប្រហារដោយឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងអន្តេវាសិកដ្ឋានរបស់ពួកគេ និងត្រូវចាប់ឃុំខ្លួន នៅក្នុងទីក្រុង Surabaya ដែនកោះចាវ៉ា របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៧ ខែសីហា។ ប៉ុន្តែការប្រមូលផ្តុំតវ៉ាមួយចំនួន បានរាលដាល ទាមទារផ្តាច់ខ្លួន ឯករាជ្យ និងការបោះឆ្នោត ថែមទៀតផង។

កម្លាំងសន្តិសុខ​ប្រហែល ១ ២០០នាក់ ត្រូវបញ្ជូន​ទៅកាន់​តំបន់ខាងលើបន្ថែមទៀត ខណៈវត្តមានកម្លាំងយោធា​ជាច្រើន​នាក់ មាននៅទីនោះស្រាប់។ តំបន់នោះ​ ជាទីតាំងកើតមានជម្លោះ ទាមទារ​ផ្តាច់ខ្លួន ចេញ​ពីប្រទេស​ឥណ្ឌូនេស៊ីរាប់​ទសវត្សរ៍​កន្លងមកហើយ ។

ទីក្រុង​ ចាការតា បានកាត់ផ្តាច់​ បណ្តាញអ៊ីនធើរណេត​ទៅកាន់តំបន់នោះ ​កាលពីសប្តាហ៍មុន ដើម្បីបញ្ឈប់ប្រជាជន​ចែកចាយ​សារ​ បង្កហេតុ នាំឲ្យកើតឡើងអំពើហិង្សាទ្រង់ទ្រាយធំ។ វិធានការនេះ បានទទួល​រងការរិះគន់​យ៉ាងខ្លាំង ពីសំណាក់ក្រុមសិទ្ធិមនុស្ស ក៏ដូចអ្នកសារពេ័ត៌មាន​ ដែលលំបាកលំបិន នៅ​ក្នុងការទទួលបានព័ត៌មាន​ ពីក្នុងតំបន់នោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print