ភ្នំពេញ៖ ករណីជនមិនស្គាល់មុខបាញ់ប្រហាចំនួន៣គ្រាប់បណ្ដាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់មួយរំពេចសង្ស័យករណីគំនុំនោះសមត្ថកិច្ចបាននាំខ្លួនស្រ្តី២នាក់ដែលសមត្ថកិច្ចអះអាងថាជាប្រពន្ធដើមនិងជាប្រពន្ធមកធ្វើការសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខក្រោយពីមានករណីឃាតកម្មបាញ់សម្លាប់លោកគ្រូបង្រៀននៅសង្កាត់ឃ្មួញ។
លោក គួក សុខហួរ អធិការរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានប្រាប់(អង្គភាពនគរវត្ត)តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩នេះថា ស្ត្រីជាប្រពន្ធដើមនិងស្ត្រីប្រពន្ធចុង ត្រូវបានសមត្ថកិច្ចរៀបចំឯកសារ និងអនុញ្ញាតឱ្យពួកគេទាំង២នាក់អាចត្រឡប់ទៅផ្ទះបាន ក្រោយពីសមត្ថកិច្ចបានសុំគោលការណ៍ព្រះរាជអាជ្ញាអម សាលា ដំបូងរាជធានីភ្នំពេញ ក្នុងការឃាត់ខ្លួនមួយយប់ ដើម្បីសាកសួរលើករណីនេះ នៅអធិការដ្ឋានខណ្ឌ សែន សុខ ។សូមរំលឹកថា ករណីបាញ់សម្លាញ់មនុស្សមិនញញើតដៃខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូូវបេតុង ច្រកចូលឪកាសខ្ញុំ ប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ រឿន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជឫគ្រូបង្រៀនវិទ្យាល័យទួលប្រសាទ សង្កាត់ឃ្មួួញ ខណ្ឌសែនសុខ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួួញ ខណ្ឌសែនសុខ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៍ស ពាក់ស្លាកលេខរតនៈគីរី1E-7838 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវជនមិនស្គាល់មុខជិះម៉ូតូតាមពីក្រោយរួចបាញ់ប្រហារទៅលើរូបគាត់ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅលើដងផ្លូវក្បែរម៉ូតូរបស់ខ្លួន ។ចំណែកឯជនដៃដល់ក្រោយពីបាញ់សម្លាញ់ជនរងគ្រោះរួច បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់នៅសំបកកាទុស្យចំនួនមួយនិងជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខ បានចុះមកដល់ចំណុចកើតហេតុដោយយកខ្សែចងហ៊ុមពទ្ធ័ជុំវិញកន្លែងកើត ដើម្បីឲ្យមន្រ្តីជំនាញត្រួតពិនិត្យស្វែងរកវត្ថុតាងដែលឃាតកបន្សល់ទុក ។ បន្ទាប់ពីមន្រ្តីជំនាញចុះដល់ក៏ឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តសែនសុខ ដើម្បីងាយស្រួលត្រួតពិនិត្យនិងធ្វើកោសល្យវិឆ្ឆ័យ ក្រោយពីនិត្យរួចរាល់កប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ពាក់ព័ន្ធករណីបាញ់សម្លាញ់មនុស្សខាងលើនេះ នគរបាលជំនាញបានសន្និដ្ឋានជំហានដំបូងថា សង្ស័យករណីគំនុំ ព្រោះជនសង្ស័យមានបានយកម៉ូតូជនរងគ្រោះនោះទេ ដោយជនសង្ស័យជិះម៉ូតូម្នាក់ឯងមកធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវជនសង្ស័យ ដើម្បីស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ ចន្ទ លីហ្សា