ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសចំនួន៩សំណុំរឿង កាលពីអំឡុងឆ្នាំ២០១៧ លើជនជាប់ឃុំ ពេជ្រ សូណែត ដោយសរុបទោសចំនួន១៦៦ឆ្នាំ នោះ ឥឡូវនេះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចកាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ អោយរួចផុតបទចោទចំនួន៨សំណុំរឿង ពោលគឺនៅសល់ទោសចំនួន១៩ឆ្នាំ ប៉ុណ្ណោះ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្តីពី “លទ្ធផលកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌និងជំនួយផ្នែកច្បាប់ ក្នុងសំណុំរឿងជនជាប់ឃុំ ព្រេជ សូណែត”។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារក្តីជូនពិរុទ្ធជនឈ្មោះ ពេជ្រ សូណែត សាលាឧទ្ធរណ៍បានធ្វើការប្រកាសនូវសាលដីការបស់ខ្លួន នៅថ្ងៃព្រឹកថ្ងៃទី៥ ខែកញ្ញា ដោយសម្រេចអោយឈ្មោះ ពេជ្រ សូណែត រួចផុតបទចោទចំនួន៨សំណុំរឿង ពីករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និង ដោយសារមរណភាពនៃជនរងគ្រោះ (ប្លន់យកម៉ូតូនិងសម្លាប់ជនរងគ្រោះ) កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។
ជាមួយគ្នានេះ ក្រុមមេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងខិតខំធ្វើការងារបន្ថែមទៀតជាមួយពិរុទ្ធជន ពេជ្រ សូណែត ក្នុងការបន្តនីតិវិធីដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌ជូនជនជាប់ឃុំ ដោយក្រុមមេធាវី យល់ឃើញថា ឈ្មោះ ពេជ្រ សូណែត មិនមានការជាប់ពាក់ព័ន្ធជាមួយនឹងអំពើប្លន់ម៉ូតូនិងសម្លាប់ជនរងគ្រោះនោះទេ ដោយពិរុទ្ធ ពេជ្រ សូណែត ក៏បានបដិសេធនូវការសម្រេចរបស់ឧទ្ធរណ៍ផងដែរ ៕