ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លើនបំផុត ចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា “ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានដកស្រង់សំដីទណ្ឌិត សម រង្សុី ដែលនិយាយគ្មានគ្របថា៖ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់លោក ហ៊ុន សែនដូចសព្វថ្ងៃទេបាទ។
សូមរំលឹកថា៖ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបន្តការពារយ៉ាងប្តូរផ្តាច់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពស្រឡាញ់ស្មើជីវិតរបស់ប្រជារាស្ត្រខ្មែរទូទៅ ដោយមិនឲ្យនរណារំលោភបំពានបានជាដាច់ខាត។
គណបក្សប្រជាជនកម្ពុជា សូមអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធចាត់វិធានការ
តាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះទង្វើរំលោភបំពានដ៏ធ្ងន់ធ្ងរលើអង្គព្រះ
មហាក្សត្រ និងលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខាងលើនេះ៕ ដោយ៖ សុខ ខេមរា