ភ្នំពេញ៖ នៅមុននេះបន្តិច នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ អ្នកនាំពាក្យក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះ ទណ្ឌិត សម រង្សី ជនក្បត់ជាតិតពូជ ដែលប្រមាថដល់ អង្គព្រះមហាក្សត្រ ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានផ្តល់កិច្ចសម្ភាសន៍យ៉ាងគឃ្លីនដល់វិទ្យុអាស៊ីសេរី ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ព្រះកិត្តិនាម ព្រះករុណា ព្រះបាទ សម្ដេចព្រះ
បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
ការលើកឡើងរបស់ ទណ្ឌិត សម រង្សី ក្នុងបទសម្ភាសន៍នោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជាជនខ្មែរ និងបំពានដល់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ មិនអាចទទួលយកបានទេ។
ក្រសួងការពារជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះ ទណ្ឌិត សម រង្សី ជនក្បត់ជាតិតពូជ ដែលប្រមាថដល់ អង្គព្រះមហាក្សត្រ នាពេលនេះ។ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យ ស្ថាប័នមានសមត្ថកិច្ចទាំងអស់ចាត់វិធានការតាមច្បាប់ចំពោះជនក្បត់ជាតិនេះ ឱ្យបានធ្ងន់ធ្ងរបំផុត៕ដោយ៖ សុខ ខេមរា