ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាលកោះហៅភាគីជនរងគ្រោះមកសាកសួរច្រើនលើកគ្មានលទ្ធផល ខណៈជនបង្កមានសិទ្ធិសេរីភាពពេញភូមិ ធ្វើគ្រួសារអ្នករងគ្រោះមានការឈឺចាប់ ដោយសារការបង្ករបួសស្នាមលើយុវជនម្នាក់ជាកូនប្រុស បានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេងដេរ២៤ថ្នេរ មិនទាន់ទទួលបានភាពយុត្តិធម៌ និងសំណងណាមួយនោះឡើយ។
បើតាមការលើកឡើងរបស់ឪពុកជនរងគ្រោះ ឈ្មោះរឿន ផលលៀប មុខរបរ កសិករ និងម្តាយឈ្មោះ សុខ នៀង អាយុ៥៥ឆ្នាំ មុខកសិករ បានលើកឡើងកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៩នេះថា កាលពីថ្ងៃទី២០ខែសីហាកន្លងមកនេះ តុលាការខេត្តកណ្តាលបានកោះហៅតែភាគីខាងជនរងគ្រោះមកសាកសួរច្រើនលើកគ្មានលទ្ធផល ចំណែកជនបង្កមានសិទ្ធិសេរីភាពពេញភូមិ ធ្វើដូចមិនដឹងមានរឿងអីកើតឡើងទាល់តែសោះ។ ដូច្នេះហើយទើបធ្វើគ្រួសាររបស់ខ្ញុំមានការឈឺចាប់ ដោយសារការបង្ករបួសស្នាមលើកូនខ្ញុំ បានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេងដេរ២៤ថ្នេរ មិនទាន់ទទួលបានភាពយុត្តិធម៌។
ឪពុកជនរងគ្រោះរូបនេះបានបន្តទៀតថា កូនខ្ញុំមិនមែនជាអ្នកដើរលេងផឹកស៊ី លេងល្បែងប៉ោឡែឯណា ព្រោះការបង្ករបួសស្នាមមកលើកូនខ្ញុំនេះ គឺភាគីជនបង្កមានចេតនាបង្កឡើងតែម្ដង ដែលមិនមែនជាមិត្តភក្កិនឹងគ្នាទាល់តែសោះ។ អីចឹងហើយក្រុមគ្រួសារខ្ញុំបាទមានតែលើកម្រាមដប់សូមសំណូមពរយ៉ាងទទូចដល់សាលាដំបូងខេត្តកណ្ដាលមេត្តាចាត់វិធានការយ៉ាងម៉ើងម៉ាត់និងមានប្រសិទ្ធភាពលើករណីកូនខ្ញុំនេះផង កុំទុកអូសបន្លាយតទៅទៀត ។
ទោះយ៉ាងណាក្រុមគ្រួសារជនរងគ្រោះសំណូមពរឱ្យសាលាដំបូងខេត្តកណ្ដាលមានចំណាត់ការ និងផ្ដល់ភាពយុត្តិធម៌ក្នុងករណីបង្ករបួសស្នាម ដែលកូនខ្ញុំជាជនរងគ្រោះបានត្រឹមតែឈឺសាច់និងប៊ីសខ្វាក់ភ្នែកមួយចំហៀង ដោយសារការបង្ករបួសស្នាមរបស់ឈ្មោះ សៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលមានឪពុកឈ្មោះ ផាត អាយុ៥៧ឆ្នាំ ។
អាណាព្យាបាលជនរងគ្រោះបានបន្តទៀតថា ជនបង្កត្រូវបានតុលាការខេត្តកណ្ដាលចេញដីកាកោះជាច្រើនលើក ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ធ្វើឲ្យកូនគាត់បានត្រឹមតែការឈឺចាប់ខាតពេលវេលាធ្វើការ ហើយរងរបួសធ្ងន់ត្រង់ភ្នែកជាខ្លាំងមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងនាមម្ដាយឪពុកសូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាសាលាដំបូងខេត្តកណ្ដាលសូមមេត្តាជួយរកយុត្តិធម៌ឲ្យកូនរបស់ខ្លួន ព្រោះការចេញដីកាកោះហៅច្រើនលើក តែហាក់ដូចគ្មានឥទ្ធិពលនិងតម្លាភាពទើបពួកគាត់សុំឲ្យលោកចៅក្រម ក្រឡាបញ្ជីនៅសាលាដំបូងរបស់ខេត្តកណ្ដាល មេត្តាចេញដីការឃាត់ខ្លួនតែម្ដង ព្រោះកន្លងមកចេញដីកាកោះហៅធម្មតាតែជនបង្កមិនបានចូលខ្លួនដោះស្រាយឡើយ។
សូមរំលឹកថា យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេងដេរ២៤ថ្នេរ ខណៈដែលរូបគេជាអ្នកកំដរការមិត្តភក្តិ បែរជាត្រូវយុវជនម្នាក់គប់មួយកែវស្រាបៀរដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៩ ស្ថិតនៅឃុំពាមឧញ៉ាកអុង ស្រុកល្វាឯម ខេត្តកណ្តាល ហើយពេលដែលកម្លាំងនគរបាលស្រុកល្វាឯម ខេត្តកណ្តាល ចាប់ខ្លួនជនបង្កបានហើយបែរជាដោះលែងឲ្យមានសេរីភាពទៅវិញ ដោយករណីហិង្សានេះមិនទាន់ដោះស្រាយចប់ជាមួយជនរងគ្រោះនៅឡើយ ហើយភាពអយុត្តិធម៌ពេកក្រុមគ្រួសាររងគ្រោះបន្តដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្តកណ្ដាល ជួយធ្វើអន្តរាគមន៍តាមចាប់ជនបង្ករបួសស្នាមមកលើកូនប្រុសគាត់នោះចាត់ការតាមច្បាប់កាលពីថ្ងៃទី១មេសាកន្លងមកនេះ ។
ជនបង្ករបួសស្នាមឈ្មោះ សៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលមានឪពុកឈ្មោះ ផាត អាយុ៥៧ឆ្នាំ ។ ចំណែក ជនរងគ្រោះ ឈ្មោះ លៀប ស៊ីណា អាយុ១៨ឆ្មាំ មុខរបរធ្វើការហាងជប៉ុន ។ ឪពុកឈ្មោះរឿន ផលលៀប មុខរបរ កសិករ និងម្តាយឈ្មោះ សុខ នៀង អាយុ៥៥ឆ្នាំ មុខកសិករ ។
គួរបញ្ជាក់ផងដែរថា បើយោងតាមក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា២១៨ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕