ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលេីហ្វេសប៊ុកនៅថ្ងៃអង្គារនេះថា នៅក្នុងថ្ងៃកាន់បិណ្ឌ ទី៤នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។
សម្តេចតេជោបានណែនាំអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។
ពាក់ព័ន្ធនឹងចរាចរណ៍ សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងសូមអោយបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេស នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕