ភ្នំពេញ ៖ ចាប់ផ្តើមស្រឡាញ់គ្នារហូតក្លាយជាប្តីប្រពន្ធ ទីបំផុតកាប់សម្លាប់គ្នាសាហាវជាងគូសត្រូវស៊ីសាច់ហុតឈាមទៅទៀត!! ជម្លោះកើតឡើងដដែលៗខ្វះការដោះស្រាយធ្វើឲ្យប្តីផ្លាស់ប្តូរការគិត ស្ទុះចាប់ប្រពន្ធធ្លាប់ដេកឱបរាល់ថ្ងៃអារកនឹងកាំបិត បណ្តាលឲ្យនាងប្រកាច់ដាច់ខ្យល់ស្លាប់នៅនឹងកន្លែង រីឯប្តីបានយកកាំបិតអារកខ្លួនឯងតាមក្រោយ តែមិនស្លាប់របួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ យិត ធិញ អាយុ៤២ឆ្នាំ មុខរបរកម្មករោងចក្រ ស្រុកកំណើតភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់) ជនបង្កជាប្តីឈ្មោះ យា រិត អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិរមាំងត្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។
សាក្សីនៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរនាក់នេះបានឈ្លោះគ្នា តាំងពីម៉ោងប្រហែល២ភ្លឺ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែជនបង្កជាប្តី បានចាប់ប្រពន្ធអារ-កបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុបន្ទាប់មកជនបង្កបានអារ-កសម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យរបួសធ្ងន់ និងបញ្ជូនទៅសង្រ្កោះនៅមន្ទីពេទ្យលោកសង្ឃ។ សពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕