ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ ក្នុងឱកាសពិធីរំលឹកខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ធ្វេីឡេីងនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ នាល្ងាចថ្ងៃទី២៥ ខែកញ្ញា នេះ ថា ការរីកច្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណេះទេ ប៉ុន្តែថែមទាំងបាននឹងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងបណ្តាលប្រទេសក្នុងតំបន់ និងលើពិភពលោកទៀតផង។
ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយ ថា កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងពីថ្ងៃទី១៩ កក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងកំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ១៩៥៥ នៅទីក្រុងបានឌុងប្រទេសឥណ្ឌូនេស៊ី និងការបំពេញទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦។
ស្របពេលនោះដែរ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះបានកសាងឡើងរួមគ្នាដោយ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗដែលបានធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។
តាមរយៈទំនាក់ទំនងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើនដើម្បីដឹកនាំប្រទេស និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។
ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវមួយ” ដើម្បីពង្រឹកភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប ឈ្នះ-ឈ្នះ រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះជាច្រើនទៀត ដែលកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ទាំងនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំញេះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ លទ្ឋផលជាផ្លែផ្កាដែលយើងទទួលបាននាពេលកន្លងមក រួមទាំងការប្តេជ្ញាបន្តលើកកម្ពស់វិសាលភាពនៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំញេះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងសហការីទាំងអស់ដែលបានខិតខំជំរុញ និងលើកស្ទួយទំនាក់ទំនងល្អរួមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើ និងជូនពរដល់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង អោយទទួលបានសុខ ភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ។
បន្ទាប់ មក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញពិសារអាហារសាគ្គីមិត្តភាពជាមួយថ្នាក់ ដឹកនាំកម្ពុជា-ចិន និងទស្សនាវីដេអូឯកសារអភិវឌ្ឍនៃប្រទេសចិន ក្នុងបរិយាកាស រីករាយក្រៃលែង៕