ភ្នំពេញ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់អង្គការសម្ព័ន្ធ ឥស្លាមពិភពលោក(Rabita ) នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យប្រតិភូគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) ដឹកនាំដោយលោក វេជ្ជបណ្ឌិត Saifadeen Al Subhi ប្រធានបេសកកម្មព្យាបាល វះកាត់ដោយឥត គិតថ្លៃ ចូលជួបសំដែងការគួរសម បន្ទាប់ពីបញ្ចប់បេសកកម្ម ជួយព្យាបាលជំងឺជូនពលរដ្ឋដោយជោគជ័យ រយៈពេល ៧ ថ្ងៃប្រកបដោយជោគ ជ័យ នៅឯការិយាល័យរបស់លោកផ្ទាល់ នៅរាជ ធានីភ្នំពេញ។
នៅក្នុងជំនួបនេះ លោក ទេសរដ្ឋមន្ត្រី ក្នុងនាម រាជរដ្ឋាភិបាល និងក្នុងនាមសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធឥស្លាមពិភពលោក ( Rabita ) បានកោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យទាំងអស់ ក្នុងបេសកកម្មព្យាបាល វះកាត់ ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដោយឥតគិតថ្លៃ។
លោកបន្តថា នេះគឺជាការងារមនុស្សធម៌ដ៏ ប្រពៃ និងការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិ បាលនៅកម្ពុជា ជាពិសេសបានជួយសម្រាល នូវបន្ទុក និងទុក្ខលំបាកជាច្រើន ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានជំងឺ និងគ្មានលទ្ធភាពព្យាបាល។ ជាចុងបញ្ចប់ លោក ទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រតិភូគ្រូពេទ្យអន្តរទ្វីប (PAC) បន្តបេសកកម្មរបស់ខ្លួននៅកម្ពុជា ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (PAC) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Saifadeen Al Sobhi សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា ដែលមានគ្រូពេទ្យឯកទេសចំនួន ២១រូប មកពីអារ៉ាប៊ីសាអូឌីត ហ្សក់ ដង់ ទុយនេស៊ី ស៊ីរី និងអង់គ្លេស បានធ្វើការព្យាបាលជម្ងឺទូទៅ និងវះកាត់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ មានរយៈពេល ៧ ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលធ្វើការវះកាត់ដោយជោគជ័យបានចំនួន១០២ ករណី ទៅលើជម្ងឺធំៗ ចំនួន១១ ប្រភេទ និងព្យាបាលជម្ងឺទូទៅបានចំនួន ៦១០ នាក់ផងដែរ។
កម្មវិធីព្យាបាលនេះក៏មានការចូលរួមសហការពីគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា គ្រូពេទ្យគណៈកម្មការសុខាភិបាលរបស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) គ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមានការចូលរួមយ៉ាងសកម្ម ពីសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តពោធិ៍សាត់ យុវជនស្រលាញ់សន្តិភាពនិង យុវជន សសយកផងដែរ។
គ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប(PAC ) ជាអង្គការ មួយនៅក្រោមឆ័ត្ររបស់អង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) ដែលមានអង្គការធំៗជាសមាជិកជាង ១០ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើការបម្រើផ្នែកមនុស្សធម៌ស្ទើរគ្រប់វិស័យនៅលើពិភពលោក៕ ដោយ៖ សំរិត