ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើស៤ករណី ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបង្ហាញមុខជាសាធារណៈ មុនបញ្ចូនទៅតុលាការ

ចែករំលែក៖

   ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញមុខជនសង្ស័យម្នាក់ជាជនជាតិចិន ពាក់ព័ន្ធបទល្មើស ៤ករណី  ទី១-ឃាតកម្មគិតទុកមុន  ទី២-កាន់កាប់អាវធុដោយគ្មានការអនុញ្ញាត ទី៣-ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ទី៤-រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានី ដើម្បីឲ្យតុលាការចាត់ការបន្ដតាមនីតិវិធី ។
      យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា  ជនសង្ស័យខាងលើមានឈ្មោះ LAI SUNG MAO ភេទប្រុសអាយុ៥១ ឆ្នាំ មុខរបរ ពាណិករ មានទីលំនៅស្នាក់ក្នុងផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទាប់លេខ​២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះមានឈ្មោះ ​XLAO HONG JE ភេទប្រុសអាយុ៣៧ ឆ្នាំមុខរបរ គ្រូបង្រៀន ស្នាក់នៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
    គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៩និង ៥០ នាទី ជនសង្ស័យជាជនជាតិចិនបានបើករថយន្ដមួយគ្រឿងម៉ាក HIGH LANDER មកដល់ចំណុចមុខភោជនីដ្ឋាននិងកាហ្វេហ្គ្រីន ផ្ទះ​លេខ១៦៦ ផ្លូវលេខ១៥០ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់ទៅលើ​ជនរងគ្រោះចំនួន៣ គ្រាប់ ប៉ុន្ដែសំណាងល្អមិនបណ្ដាលឲ្យជនរងគ្រោះរងរបួសទេ ។
     ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួចក៏បានជិះរថយន្ដរត់គេចខ្លួនបាត់ស្រមោល លុះនៅរសៀលថ្ងៃ​ទី០២ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវរហូត​ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចផ្ទះសំណាក់យីហោ ឡេង សុផាន  បន្ទប់លេខ២២ ផ្លូវ​លេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ តែម្ដង ។
      បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យរួច ក៏មានដកហូតវត្ថុតាងដូចជា ៖
-កាំភ្លើងម៉ាក SIG SAUER មួយដើម
-បង់កាំភ្លើង១ និងគ្រាប់ចំនួន ៣០គ្រាប់
-លិខិតឆ្លងដែនចំនួន២ក្បាល
-ទូរសព្ទដៃ២គ្រឿង
-ម្សៅ ពណ៌ ស ចំនួន១០ កញ្ចប់
-ថ្នាំគ្រាប់ម៉ាក ហ្វាន ចំនួន ៥គ្រាប់
-ថ្នាំគ្រាប់ពណ៌ ខៀវ និងពណ៌ផ្កាឈូកចំនួន១៨គ្រាប់
-កាបូបលុយ១
-រថយន្ដម៉ាក HIGHLANDER  មួយគ្រឿង ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print