ទំនាស់បង្ហូរទឹកស្រែ​ឈានដល់ហិង្សា​ចាប់តាចងវាយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ទំនាស់រឿងបង្ហូរទឹកស្រែ ឈានដល់ការប្រើប្រាស់អំពើ​ហិង្សាដាក់គ្នាទៅវិញទៅមក រហូតដល់ភាគីម្ខាងចាប់បុរសម្នាក់ ដែលមានវ័យ​ចំណាស់ជាងខ្លួន ចងដៃ ចងជើង រួចវាយដំ និងជ្រមុជទឹកស្រែ។

ហេតុការណ៍នេះ បានកើតឡើង​នៅ​វេលាម៉ោងជាង១០​ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចដីស្រែ
ក្នុងឃុំផ្តៅជុំស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ លឹម ឡាំ​ អាយុ៧០ឆ្នាំ រស់នៅភូមិព្នៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ បានទៅកាប់ដីបង្ហូរទឹកចេញពីស្រែរបស់គាត់ឲ្យហូរចូលទៅក្នុងប្រឡាយទឹក។ លុះពេលបង្ហូរនោះ ទឹកក៏បានហូរចូលដីស្រែបុរសម្នាក់​ទៀត ឈ្មោះ​ ប៉ែន នីម៉េ អាយុ៥៩ឆ្នាំ ដែលគាត់ទប់ដីមិនឲ្យទឹកហូរចេញពីស្រែរបស់គាត់។

ភ្លាមនោះបុរសឈ្មោះ ប៉ែន នីម៉េ បានខឹងសម្បានឹងឈ្មោះ លឹម ឡាំ ដែលធ្វើឲ្យទឹកហូរពេញដីស្រែរបស់គាត់។ ពេលនោះក៏មានការប្រើប្រាស់ពាក្យសម្តី រហូតឈានដល់ប្រើអំពើ ហិង្សាដាក់គ្នាទៅវិញទៅមកប៉ុន្តែដោយ ឈ្មោះ ប៉ែន នីម៉េ មានគ្នា២នាក់ប្រពន្ធ ទើបធ្វើឲ្យឈ្មោះ លឹម ឡាំ​ មិនអាចតតាំងឈ្នះនោះឡើយ ដោយឈ្មោះ​​ ប៉ែន នីម៉េ ចាប់ឈ្មោះ លឹម ឡាំ ចងដៃ ចងជើង ជ្រមុជទឹកស្រែតែម្តង។

ក្រោយមកទើបមានប្រជាពលរដ្ឋទៅឃើញហើយបាន ឃាត់ភាគី​ទាំងសង​ខាង និងរាយការណ៍ ជូនមន្ត្រីនគរបាល​មូលដ្ឋាន។

ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាមបានអះអាងថា ពិតជាមាន​ករណី​ប្រើប្រាស់ អំពើហិង្សាដាក់គ្នាទៅវិញទៅមកប្រាកដមែន នៅចំណុច​ វាលស្រែ​ ។ លោកបន្ថែមទៀតថា ករណី​នេះលោកកំពុងដំណើរការសំណុំរឿងទៅតាមនីតិវិធីដោយបញ្ជូនទៅសាលា​ ដំបូងខេត្តកំពង់ចាម។

យ៉ាងណាក៏ដោយសាច់ញាតិជនរងគ្រោះ នៅតែទទូចសុំឲ្យសមត្ថកិច្ច និងតុលាការខេត្តកំពង់ចាម ចាត់វិធានការភាគីជនបង្ក ដោយសារប្រើអំពើហិង្សាយ៉ាងធ្ងន់ដែលត្រូវទទួលទោសតាម​ច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print