ភ្នំពេញ៖លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ថ្លែងថា “ខ្ញុំរីករាយនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសដ៏ល្អរបស់យើងទាំងពីរ”។
ហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែតុលា នេះ ថា”ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត Patrick Murphy មានកិត្តិយសថ្វាយលិខិតមួយរបស់លោកប្រធានាធិបតី Trump ជូនព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ។ បន្ទាប់ពីលោកបានថ្វាយសារតាំងហើយ លោកឯកអគ្គរដ្ឋទូតនឹងជួបជាមួយសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា”។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា លេីកយកសម្តីរបស់លោក Patrick Murphy មកចុះផ្សាយថា “ខ្ញុំរីករាយនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសដ៏ល្អរបស់យើងទាំងពីរ”។ សូមតាមដានក្រោយឆាក ក្នុងពេលដែលលោកត្រៀមខ្លួនទៅកាន់ព្រះបរមរាជវាំង ។
ដោយឡែក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានជូនពរនិងស្វាគមន៍ ចំពោះលោកឯកអគ្គរដ្ឋទូត ។
លោក ផៃ ស៊ីផាន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែតុលា ដែរថា “សហប្រតិបត្តិការជិតស្និទ្ធ និងទំនាក់ទំនងប្រសេីរ គោរពផលប្រយោជន៍ ប្រជាជាតិគ្នាទៅវិញទៅមកជាអទិភាព ។
ផលនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព បានស្វាគមន៍ ឯកឧត្តម គ្រប់ទិសទី មិនថា ជនបទ ឫទីក្រុងនោះឡេីយ។ ប្រជាពលរដ្ឋកម្ពុជា ស្វាគមន៍ ឯកឧត្តម យ៉ាងកក់ក្តៅ ជាមួយនិងភាពញញឹមរាក់ទាក់ ស្មោះស្ម័គ្រ ឥតលាក់លាម និង បំណងជូនដល់ឯកឧត្តម ជួយបន្ថែម បន្ត ពង្រឹង ស្ថានភាពបវរនេះតទៅមុខទៀត។
លោក ផៃ ស៊ីផាន បន្តថា “អ្វីៗដែលមានសព្វថ្ងៃ ក៏មានចំែណក ចូលរួម របស់សហរដ្ឋអាមេរិកផងដែរ ។ កម្ពុជា ជាប្អូនស្រីរបស់ប្រជាជាតិអ្នក”៕