ខេត្តកណ្តាលៈ បុរសដែលតែងតែផឹកស្រាជាប្រចាំម្នាក់ ពុំដឹងជាមានមូលហេតុអ្វី ខណៈផឹកស្រាស្រវឹង បានលោតទឹកទន្លេបាសាក់ប៉ងសម្លាប់ បានបណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២០ ខែតុលា វេលាម៉ោង១០និង៣០នាទី នៅចំណុចក្នុងទឹកទន្លេបាសាក់ស្ថិតក្នុងភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពីង អឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិត ជាមនុស្សញៀនស្រា វង្វេងស្មារតី មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា យោងតាមការសួរបភ្លឺ ឈ្មោះ ពីង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្អូនង្កើតជនរងគ្រោះ និងឈ្មោះ អឿន ស្រីនៀត ត្រូវជាកូនស្រីបង្កើត របស់ជនរងគ្រោះ បានឲ្យដឹងថា៖ ជនរងគ្រោះ ជាមនុស្សញៀនស្រា ផឹកស្រាជាប្រចាំ ហើយវង្វេងស្មារតី ។ លុះនៅយប់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩វេលាម៉ោងប្រមាណ០២និង០០នាទី រំលងអាធ្រាត្រ ប្រជាពលរដ្ឋឈ្មោះ ភុម ស៊ីម ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅៗ ភូមិ ឃុំ ជាមួយគ្នា កំពុងសំរាកនៅផ្ទះរបស់ខ្លួន បានឮុជនរងគ្រោះស្រែកឡូឡាថា៖ អញលោតទឹកៗ ជនរងគ្រោះ ក៏លោតទឹកទន្លេបាសាក់តែម្តង ហើយគាត់ក៏ចេញមកមើលមិនឃើញជនរងគ្រោះ ក៏ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ ឲ្យបានដឹង ហើយក្រុមគ្រួសារ បានតាមរកជនរងគ្រោះ តែរកមិនឃើញរហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០ នាទីទើបរកសាកសពជនរងគ្រោះឃើញអណ្តែតនៅក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិ ត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ រួចបានស្រង់សាកសពយកមកលំនៅដ្ឋាន រួចរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ច ។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព ។ ក្រោយពីពិនិត្យចប់ សព បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
...