លួចម៉ូតូគេជិះខណៈអស់សាំងចុះបណ្ដើរ ម្ចាស់ម៉ូតូទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូគេដែលទុកនៅខាងក្រោមកុដិព្រះសង្ឃ រួចជិះគេចខ្លួន ខណៈម៉ូតូអស់សាំងចុះបណ្ដើរ ម្ចាស់ម៉ូតូទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ករណីនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទី ត្រង់ចំណុចវត្តកោះធំ ស្ថិតក្នុងភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក)  ស្រុកកោះធំ ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ម៉ៅ ជីតា ភេទប្រុស  អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ឈីវ ឃុនលាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ជនជាតិខ្មែរ មានទីលំនៅភូមិអំពិល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-5208 មានលេខតួ និងលេខម៉ាស៊ីន ៨៣៨៨៩២៨ (បានប្រគល់ឲ្យម្ចាស់វិញហើយ)។

ប្រភពដដែលបន្ដថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី២៥  ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ ឈីវ ឃុនលាង បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះ មកធ្វើការសំណង់នៅចំណុចវត្តកោះធំ ។ លុះមកដល់កន្លែងធ្វើការ ជនរងគ្រោះក៏បានចតម៉ូតូទុកនៅខាងក្រោមកុដិព្រះសង្ឃ ដោយមិនបានចាក់សោរកទេ ហើយបានឡើងទៅធ្វើសំណង់ នៅលើសាលាឆាន់ រហូតដល់ម៉ោង១១និង១០នាទី ថ្ងៃត្រង់ ខណៈដែលជនរងគ្រោះចុះមកសម្រាកហូបបាយ ស្រាប់តែបាត់ពុំឃើញ ម៉ូតូរបស់ខ្លួន ។ ដោយគិតថាមានគេលួច ក៏រាយការណ៍ទៅនគរបាលប៉ុស្ដិ៍កោះធំ(ក) ឲ្យជួយស្វែងរក ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ បានចែកផ្លូវគ្នាចេញស្វែងរកជាមួយជនរងគ្រោះ រហូតបានបន្តិច ជនរងគ្រោះ ក៏បានឃើញម៉ូតូរបស់ខ្លួននៅនិងជន
សង្ស័យ ម៉ៅ ជីតា កំពុងបណ្ដើរ ដោយសារម៉ូតូអស់សាំង  រួចជនរងគ្រោះ ក៏បានចាប់ខ្លួនជនសង្ស័យ រួមទាំងម៉ូតូ មកប្រគល់ជូននគរបាលប៉ុស្ដិ៍កោះធំ(ក) ដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកមុ្មភាពលួចម៉ូតូ របស់ជនរងគ្រោះ ប្រាកដមែន ដោយខ្លួនបានផ្ដាច់ខ្សែភ្លើង រួចបញ្ឆេះជិះចេញទៅ តែដោយសារម៉ូតូអស់សាំង ក៏ត្រូវម្ចាស់ម៉ូតូតាមទាន់ចាប់ខ្លួនតែម្ដង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print