ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសជូនដំណឹងថា ស្អែកនេះ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានការចល័តកងកម្លាំងចេញពីទីបញ្ជាការទិសទី១បន្ទាយមានជ័យ និងពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឆ្ពោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ការចល័តទ័ពនេះ ត្រូវបានរដ្ឋបាលខេត្តបញ្ជាក់ថា ដើម្បីចូលរួមហ្វឹកហាត់រួមគ្នា រវាងកម្លាំង ឈរជើងនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ,កងកម្លាំងយោធភូមិភាគទិសទី១បន្ទាយមានជ័យ បញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតែប៉ុណ្ណោះ ។ ដូច្នេះ សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន និងកុំឲ្យមានការព្រួយបារម្ភ និងភ័ន្តច្រឡំ ៕ ដោយ ៖ ជាយក្រុង