ខេត្ដកណ្ដាល៖ នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើបសួរបានសម្រេចចេញដីការឃុំខ្លួនបុរសម្នាក់ខឹងសង្សារខ្លួនសុំបែកយករូបអាក្រាតរបស់នារីរងគ្រោះទៅចែកចាយក្នុងFacebook ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”គំរាមកំហែងហែកកេរ្ដិ៍និងចែកចាយរូបភាពអាសអាភាស” ដែលប្រព្រឹត្តិនៅភូមិដើមពោធិ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល កាលពីអំឡុងខែមេសា ឆ្នាំ២០១៩ តាមមាត្រា៣៧២ ៣៧៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ។
ជនត្រូវចោទមានឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ ជ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ បុគ្គលិកកាស៊ីណូ ។
លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា នេះថា ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាមលោកបានដឹកនាំកម្លាំង ចុះស្រាវជ្រាវប្រើរយៈពេល៣ថ្ងៃ រហូតកំណត់មុខសញ្ញាបាន និងសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យចុះការឃាត់ខ្លួនជនសង្ស័យតែម្តង។
កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ បានទំនាក់ទំនងស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងបានរស់នៅជាមួយគ្នាបានរយៈពេលប្រហែល៣ខែ ។ រហូតដល់កំឡុងខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងស្នេហា ជាមួយឈ្មោះ លឹម សេងហៀង ព្រោះខ្លួន មានបំណងរៀបការជាមួយអ្នកផ្សេង ប៉ុន្ដែឈ្មោះលឹម សេងហៀង មិនព្រមបែកគ្នា ហើយបានគំរាមកំហែងជនរងគ្រោះ ថានឹងយករូបដែលខ្លួនថតទុកនោះ បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក ហើយឲ្យគេឯងមើលទៀតផង ។ឈ្មោះ លឹម សេងហៀង ក៏បានផ្ញើរូបអាក្រាតកាយ របស់ជនរងគ្រោះ ទៅឲ្យបងប្អូន និងមិត្តភ័ក្តរបស់នាងមើល រួមទាំងរូបរបស់អ្នកទាំងពីរធ្លាប់ដេកជាមួយគ្នាទៀត ហើយឈ្មោះ លឹម សេងហៀង នៅតែ បន្ដចែកចាយរូបអាក្រាតកាយរបស់នារីរងគ្រោះ ទៅតាមរយៈឆាត ក្នុងគ្រុបផ្សេងៗជាច្រើនទៀត ។
តាមចម្លើយសារភាពរបស់ឈ្មោះ លឹម សេងហៀង បានឲ្យដឹងថា ខ្លួនពិតជាបានស្រឡាញ់ រស់នៅជាមួយជនរងគ្រោះ និងបានថតរូបអាក្រាតកាយ របស់ជនរងគ្រោះទុកជាច្រើន ។ ដោយសារជនរងគ្រោះ ព្យាយាមសុំបែកគ្នា ទើបខ្លួនសម្រេចចិត្ដផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅឲ្យបងប្អូន មិត្ដភ័ក្រនៅក្នុងគ្រុបផ្សេងៗទៀតបានមើល ដើម្បីឲ្យខូចកិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុងបំណងឲ្យជនរងគ្រោះ មករស់នៅជាមួយខ្លួន ៕ ឆ ដា